ព័ត៌មានជាតិ

លុចស៊ីស ​LX570 ពាក់ស្លាកលេខ​ភ្នំពេញ​2Z-6869 រេចង្កូត​ឆ្លង​ផ្លូវ ទៅ​បុក​ម៉ូតូ​ បណ្តាល​ឲ្យ​រងការខូចខាត​យ៉ាង​ដំណំ​

ភ្នំពេញៈ​ បុរស​ម្នាក់ ​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ ក៏បាន​រេចង្កូត​ឆ្លង​ចូលផ្លូវ​ម្ខាងទៀត ​ទៅ​បុកនឹង​ម៉ូតូ​មួយគ្រឿង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង​១០និង​២០នាទី​យប់​ ថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងជើង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល​តិច​ ប្រមាណ​១០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​១០០៣​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​ហេតុ​ បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេលកើតហេតុ​គេ​ឃើញ ​បុរស​ម្នាក់ ​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាស្កុបភី​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BN-4333​ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​១០០៣​ បោះពួយយ៉ាងលឿន ក្នុងទិស​ដៅ​ពី​ជើងទៅត្បូង​។
លុះមកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែមាន​រថយន្ត​ស៊េរី​មួយ​គ្រឿង​ទៀត​ម៉ាក​ លុចស៊ីស ​LX570 ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2Z-6869 ដែលបើកបរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​ ក្នុង​ទិសដៅ​បញ្រ្ចាស​ទិស​គ្នា​ ​បាន​រេចង្កូត​ទៅឆ្វេង​ឆ្លង​ទៅផ្លូវម្ខាងទៀត​ ​ទៅបុក​ម៉ូតូ​ខាងលើចំពី​មុខ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែងខាងមុខ​ទាំង​ស្រុង​ ចំណែកឯ​អ្នកបើកបរម៉ូតូ ​បាន​ខ្ទៀត​ចេញ​ពី​ម៉ូតូ​រង​របួស​បែក​មុខ​បែក​មាត់​ ដោយឡែក​រថយន្ត​បង្ក​រងការខូចខាត​ក្រពឹតកាង​ខាងមុខបន្តិច​បន្តួច​។

ក្រោយ​ពេល​កើត​ហេតុ​ ដោយ​ភាគី​ខាងរថយន្តបង្ក​ដឹក​ពី​កំហុស​ខ្លួន ​ក៏​ព្រម​សម្របសម្រួល​ដោះស្រាយ​គ្នា ​ជា​មួយ​ភាគី​ខាងម៉ូតូ ​ដើម្បី​បញ្ចប់​រឿង​ ប៉ុន្តែ​ដោយ​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ​ ក៏​ប្រគល់​ទៅ​ឲ្យសមត្ថកិច្ច​ជំនាញ​ ធ្វើការវាស់វែងយករថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​ នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​

មតិយោបល់