បាត់ដំបងៈ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានការយល់ព្រមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ យុវជនម្នាក់ ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តបាត់ដំបង ក្នុងករណីរួមភេទ ជាមួយអនីតិជន នាពេលកន្លងមក។
កុមារីរងគ្រោះឈ្មោះ ព.រ អាយុ១៤ឆ្នាំ រស់នៅខេត្តបាត់ដំបង។ ចំណែកយុវជនខាងលើមាន ឈ្មោះ ឆយ រី អាយុ ២១ ឆ្នាំរស់នៅក្នុងភូមិសំបួរមាស ឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវបណ្តឹង ពីម្តាយរបស់កុមារីរងគ្រោះ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ប្តឹងចោទប្រកាន់ទៅលើយុវជន ដូចមានឈ្មោះខាងលើរួចមក នគរបាលបានធ្វើការស្រាវជ្រាវជាបន្ទាន់ដែលក្នុងនោះ ក៏មានការចូលរួមពីអង្គភាពនានា នៅក្នុងមូលដ្ឋានស្រុក ដែលធ្វើការពាក់ព័ន្ធផងដែរ។
បច្ចុប្បន្នយុវជនខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់