ព័ត៌មានសិល្បៈ និងកម្សាន្ត

គុនខ្មែរពិភពលោក លេចរូបរាងលើកទី១ កក្រើកព្រឹត្តិការណ៍វិមានឈ្នះឈ្នះ

ក្នុងចំណោមព្រឹត្តិការណ៍ ដែលបានបង្ហាញខ្លួន ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺមានតែព្រឹត្តិការណ៍ប្រដាល់ពិភពលោក ឬ Khmer Fight ដែលអ្នករៀបចំបានកំណត់ឈ្មោះថា គុនខ្មែរពិភពលោក ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍ថ្មីជាងគេ ហើយធ្វើអោយកក្រើកខ្លាំង ក្នុងចំណោមអ្នកទស្សនាផ្ទាល់ និងតាមការផ្សាយបន្តផ្ទាល់។ កីឡាករកម្ពុជាកម្រិត A និងកីឡាករបរទេសច្រើនគូ មិនត្រឹមតែប្រកួតគ្នា យកប្រាក់រង្វាន់ដែលមានតម្លៃខ្លួនខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានមេដាយកិត្តិយសម្នាក់មួយ មិនថាអ្នកចាញ់ ឬអ្នកឈ្នះនោះដែរ។

ព្រឹត្តិការណ៍នេះ ត្រូវបានអ្នករៀបចំកម្មវិធី លោក សេង កដិកា អះអាងថា នេះជាព្រឹត្តិការណ៍លើកដំបូង ដែលប៉ុស្ដិ៍លេខ៥ទទួលសិទ្ធិរៀបចំ ដោយការប្រកួតនេះ គឺមានលក្ខណៈដូចគ្នា នឹងព្រឹត្តិការណ៍ Thai Fight ដែលថៃធ្វើឡើង ដើម្បីផ្សព្វផ្សាយក្បាច់គុនរបស់ខ្លួននោះដែរ។ កីឡាករមកពីប្រទេសចំនួន១៤ ត្រូវគេឃើញចូលរួមទាំង៣ថ្ងៃ ដោយព្រឹត្តិការណ៍នេះ បានលេចរូបរាងចាប់ពីថ្ងៃទី២៨ និងបញ្ចប់នៅថ្ងៃទី ៣០ ធ្នូ ។ អ្នករៀបចំកម្មវិធីបន្តថា សម្រាប់ថ្ងៃទី៣១ ធ្នូ ដែលជាថ្ងៃដាច់ឆ្នាំ និងជាថ្ងៃចុងក្រោយក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ក៏មានការប្រកួតប្រដាល់ដូចគ្នាផងដែរ ប៉ុន្តែនោះជាការបប្រកួត ជម្រុះចាញ់ធ្លាក់ដែលប៉ុស្ដិ៍លេខ៥ ធ្លាប់បានធ្វើឡើងនៅព្រែកកំពិសប៉ុណ្ណោះ ទើបស្ថាប័នមួយនេះ កំណត់ថាការប្រកួត Khmer Fight ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមិញ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

ព្រឹត្តិការណ៍នេះ នឹងបន្តបង្ហាញខ្លួនជាលើកទី២ ក្នុងពេលឆាប់ៗ ដោយគ្រោងនឹងរៀបចំនៅតាមបណ្ដាខេត្ត ហើយបន្ទាប់មក ក៏នឹងរៀបចំនៅក្រៅប្រទេសដូចគ្នា នឹងព្រឹត្តិការណ៍ Thai Fight។ កីឡាករជនជាតិវៀតណាម ជនជាតិអ៊ីរង់ ឥណ្ឌា ឡាវ ថៃ និង ទុយនីស៊ីនីជាដើម សរុប១៤ប្រទេស ត្រូវគេឃើញចូលប្រកួត ខណៈដែល កម្ពុជា Grade A និងកីឡាករបរទេស ត្រូវប្រកួតគ្នាជាលក្ខណៈកីឡាករអាជីប ហើយកីឡាករមួយក្រុមទៀត ប្រកួតជាលក្ខណៈពាក់កណ្ដាលអាជីព ដោយមានពាក់ប្រដាប់ការពារលើក្បាល និងលើខ្លួន។

លោក សេង កដិកា បន្តថា កីឡាករដែលទទួលជ័យជម្នះ នឹងត្រូវចុះបញ្ជីនៅក្នុងបញ្ជីគុនខ្មែរពិភពលោក ហើយនៅពេលការប្រកួតមួយនេះ រៀបចំជាលើកទី២នឹងមានឈ្មោះប្រកួតទៀត ប៉ុន្តែបើចាញ់២ដង នឹងអស់សិទ្ធិចូលរួមប្រកួតជាថ្មី។ ការប្រកួតនេះ បានបញ្ចប់កាលពីយប់ថ្ងៃទី៣១ ធ្នូ ដោយបន្សល់នូវទិដ្ឋភាពជក់ចិត្តទាំង៣ថ្ងៃតែម្ដង ទម្រាំរកឃើញកីឡាករអ្នកឈ្នះ និងអ្នកចាញ់៕

មតិយោបល់