ភ្នំពេញៈ យោងតាមផេករបស់រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីផេកហ្វេសប៊ុក ឈ្មោះ Angkor Post និងគណនី ហ្វេសប៊ុកឈ្មោះ Roth Angle អំពីការផាកពិន័យស្ត្រីម្នាក់ ដែលបានបោះចំណីព្រាបនៅខាងមុខព្រះបរមរាជវាំង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌ សូមបញ្ជាក់ជូនដូចខាងក្រោម៖
យោងអនុក្រឹត្យលេខ ១១៣អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រាជរដ្ឋាភិបាលកម្ពុជា មាត្រា ៤២ វាក្យខ័ណ្ឌទី១ ចែងថា៖ បុគ្គលដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាលដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា ២០ នៃអនុក្រឹត្យនេះ ត្រូវទទួលការផាកពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ដូចខាងក្រោម៖
– ចំនួន ២០,០០០(ពីរម៉ឺន)រៀល ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ និងត្រូវប្រមូល សម្អាតយកទៅដាក់ធុងសំរាមសាធារណៈ ។
ដូច្នេះ ឈ្មោះ ដា រី ត្រូវបានផាកពិន័យ លើករណីចោលសំរាម ជាទឹកប្រាក់ចំនួន ២០,០០០រៀល (ពីរម៉ឺនរៀលគត់) ដោយចេញប័ណ្ណផាកពិន័យជូនគាត់ចំនួន ០២សន្លឹក ដូចមានក្នុងរូបបញ្ជាក់ ។
បន្ថែមពីលើនេះ រដ្ឋបាលខណ្ឌដូនពេញ បាននឹងកំពុងអនុវត្តច្បាប់ ដោយធ្វើការផាកពិន័យ ចំពោះជនណាដែលមិនគោរព តាមការណែនាំរបស់អាជ្ញាធរ ហើយក្នុងករណីមានការរឹងរូស មិនគោរពតាមការណែនាំទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការច្បាប់ ដោយមិនលើកលែងឡើយ៕









មតិយោបល់