ព័ត៌មានអន្តរជាតិ

លោក គីម ផ្ញើសារទៅកាន់លោក ត្រាំ ស្តីពីកិច្ចចរចានុយក្លេអ៊ែរ

កូរ៉េៈ កាសែត Chosun Ilbo របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃច័ន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារសម្របសម្រួលមួយ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការចរចារនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

សារព័ត៌មាននេះ បានលើកឡើងពីប្រភពមន្ត្រីការទូតម្នាក់ មិនបញ្ចេញឈ្មោះ បាននិយាយថា សំបុត្ររបស់លោក គីម ដែលបានផ្ញើសារទៅលោក ត្រាំ ត្រូវបានគេបញ្ជូនទៅ កាលពីថ្ងៃសុក្រ តាមរយៈបណ្តាញអ៊ីនធឺណេត តែមិនបានបញ្ជាក់ព័ត៌មានលម្អិត អំពីខ្លឹមសារនៃសារនោះទេ គ្រាន់តែនិយាយថា សារនោះ គឺទាក់ទងទៅនឹងកិច្ចចរចា រវាងអាមេរិក និងកូរ៉េខាងជើង។

កាលពីថ្ងៃអាទិត្យការិយាល័យ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា លោក គីម បានផ្ញើលិខិតមួយច្បាប់ ទៅសមភាគីរបស់លោក នៅក្នុងទីក្រុងសេអ៊ូល ដោយនិយាយថា លោកចង់រៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េបន្ថែមទៀត នៅឆ្នាំក្រោយ ដើម្បីសម្រេចឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

យ៉ាងណាមិញទាំងក្រសួងការបរទេស និងស្ថានទូតអាមេរិក នៅទីក្រុងសេអ៊ូល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ អំពីរបាយការណ៍សាររបស់លោក គីម ទៅកាន់លោក ត្រាំ នៅទ្បើយទេ៕

មតិយោបល់