ភ្នំពេញៈ នៅវេលាម៉ោង ២និង៥០នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ មានករណីជនសង្ស័យ ១ក្រុម ជិះម៉ូតូ ៥គ្រឿងធ្វើសកម្មភាព ដេញវាយប្លន់យុវជន ៣នាក់ កំពុងជិះមួយគ្រឿង បណ្ដាលឲ្យរងរបួសរួចយកទូរស័ព្ទបាន ៤គ្រឿង ហើយជិះរត់គេចបាត់ស្រមោល ស្ថិតតាមបណ្ដោយផ្លូវ១៨២ ជិតរង្វង់មូលនាងគង្ហីង សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមសំដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេមានគ្នា ៣ជិះម៉ូតូស៊ូម័រអិច ពណ៌ទឹកក្រូចលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1GN-5884 ជិះចេញពីម្ដុំវត្តបទុមគោលបំណងត្រលប់ទៅផ្ទះ នៅចំការដូងដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចជនសង្ស័យ ១ក្រុមជិះម៉ូតូ ៥គ្រឿង មានគ្នាជាច្រើនមកពីក្រោយ ធ្វើសកម្មភាពវាយប្លន់ បណ្ដាលឲ្យរូបគាត់ ២នាក់ រងរបួសបែកក្បាល និងម្នាក់ទៀតមិនរងរបួសនោះទេ ដោយគាត់ចេញរត់ទាន់ហើយជនសង្ស័យបានប្រមូលយកទូរស័ព្ទទំនើបៗបាន ៤គ្រឿង ជិះគេចខ្លួនដោយសុវត្តិភាពមិនរំខាន់ដល់សមត្ថកិច្ច។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅប៉ុស្តិ៍អូរស្សីទី៤ ដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញា និងចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់