ភ្នំពេញៈ ចាត់ទុកជាដំណឹងវិជ្ជមាន ដែលតារាចម្រៀងប្រចាំផលិតកម្ម Phleng Record កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ត្រូវបានមេធាវីអនុញ្ញាតឲ្យចេញដំណើរទៅកាន់ប្រទេសអូស្រ្តាលី តាមការគ្រោងទុក។ នាងនឹងធ្វើដំណើរចាកចេញពីកម្ពុជា នៅថ្ងៃទី៧ ខែកក្កដាស្អែកនេះ បើទោះជាពេលវេលាត្រឡប់មកវិញ នៅមិនទាន់កំណត់នៅឡើយ។
កញ្ញា វ៉ាន់ នីឡា ថ្លែងប្រាប់ Post News ថា ក្រោយការជជែកគ្នាយ៉ាងលម្អិត មេធាវីរបស់នាងបានសម្រេចឲ្យនាងអាចធ្វើដំណើរទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីហើយ តបតាមការធានារបស់សមាគមខ្មែរ នៅក្នុងប្រទេសនោះ ដែលស្នើនាងឲ្យចេញទៅច្រៀង តាំងពីមិនទាន់មានរឿង។ នាងត្រូវបានអនុញ្ញាតឲ្យចាកចេញទៅអូស្រ្តាលី បន្ទាប់ពីនាងក៏បានប្រគល់ភស្ដុតាង និងបញ្ជាក់ខ្លឹមសារយ៉ាងលម្អិត ពាក់ព័ន្ធនឹងរឿងប្ដឹងផ្ដល់ និងបានប្រគល់សិទ្ធិឲ្យមេធាវីបំពេញកិច្ចការជំនួសមុខនាង លើពាក្យបណ្ដឹងទាំងស្រុង។
មុនពេលទទួលបានសិទ្ធិនេះ នាងបានបង្ហាញនូវអារម្មណ៍ភិតភ័យ ខ្លាចមិនត្រូវបានអនុញ្ញាតឲ្យចេញទៅសម្ដែងផងដែរ ដោយសារតែនាងត្រូវនៅឆ្លើយបំភ្លឺ និងដោះស្រាយបញ្ហាភាគច្រើនពាក់ព័ន្ធនឹងពាក្យបណ្ដឹងលើជនអនាមិក ដែលបានបង្ហោះរូបអាក្រាតនាង។ នាងបានបញ្ជាក់មុនពេលបានដំណឹងអាចចេញទៅអូស្រ្តាលីថា «ដោយសារតែបញ្ហាបណ្ដឹង មេធាវីអាចមិនឲ្យខ្ញុំទៅទេ ចឹងហើយទើបគម្រោងទៅសម្ដែងនៅអូស្រ្តាលី នឹងអាចមិនទាន់ប្រាកដថា យ៉ាងមិចទេ!»។
ជាមួយនឹងសម្ដីដែលធ្វើឲ្យអ្នកទន្ទឹងរង់ចាំការសម្ដែងរបស់នាងនៅអូស្រ្តាលី ខកចិត្តកាលមុននោះ ហាក់ធ្វើឲ្យមានការចាប់អារម្មណ៍ និងសាទរឡើងវិញ បន្ទាប់ពីនាងបញ្ជាក់ជាថ្មីថា មេធាវីបានអនុញ្ញាតឲ្យនាងអាចចេញទៅសម្ដែងនៅប្រទេសអូស្រ្តាលី នៅថ្ងៃទី៧ ខែកក្កដានេះ។ ការប្រកាសរបស់នាង ក៏ធ្វើឲ្យនាងធូរទ្រូង និងធ្វើឲ្យក្រុមអ្នកធានានាងយកទៅសម្ដែងសប្បាយចិត្តផងដែរ។ វ៉ាន់ នីឡា ប្រាប់ Post News ពាក់ព័ន្ធនឹងបញ្ហានេះថា «ឥឡូវនេះ ខ្ញុំទៅអូស្រ្តាលី បានហើយ បន្ទាប់ពីមេធាវីខ្ញុំ គាត់ថា អាចទៅបាន! ខ្ញុំត្រូវឡើងយន្តហោះនៅថ្ងៃទី៧ (ខែកក្កដា)ហ្នឹង តែអត់ទាន់ដឹងម៉ោងឲ្យច្បាស់ទេ គឺដឹងត្រឹមតែពេលយប់ប៉ុណ្ណោះ»។
តាមគម្រោង វ៉ាន់ នីឡា នឹងចេញសម្ដែងនៅប្រទេសអូស្រ្តាលី រយៈពេលមួយខែ ដោយយប់ថ្ងៃទី៩ ខែកក្កដា គឺយប់បើកឆាកនៃការសម្ដែងរបស់នាង។ តារាដែលរួមដំណើរនៅក្នុងគម្រោងនេះ រួមមានលោក អាន គុណកូឡា លោក អេឡិច ចន្ត្រា កញ្ញា អេមី និងកញ្ញា ធីតា ជាដើម។
មានការបញ្ជាក់ថា អ្នករស់នៅអូស្រ្តាលី បានទិញសំបុត្រចាំមើលការសម្ដែងរបស់នាងច្រើន បន្ទាប់ពីម្នាក់ៗ បានស្គាល់នាងច្បាស់តាមរយៈព័ត៌មានចុងក្រោយ៕
មតិយោបល់