ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្រាយបំភ្លឺរឿង លោកសក្តិ៤ សុខ សាវី អនុប្រធានមន្ទីរចរាចរណ៍ខេត្ត​ស្វាយរៀង ដែលមានការចុះផ្សាយតាមFacebook «ទំនួញកម្ពុជា»

ស្វាយរៀងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា៖ សូមធ្វើការបំភ្លឺចំពោះករណីម្ចាស់ផេកហ្វេសបុកឈ្មោះ #ទំនួញកម្ពុជា ដែលបានសរសេរអត្ថបទផុសក្នុងផេករបស់ខ្លួនចោទប្រកាន់ថា ៖ លោកសក្តិ៤ សុខ សាវី អនុប្រធានមន្ទីរចរាចរណ៍ខេត្ត​ស្វាយរៀង ផ្អឹបសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយចោល រង់ចាំគោះយកលុយពីម្ចាស់ឡាន ដោយនិយាយថាទាល់​តែ២,០០០ដុល្លារ ទើបយកឡានចេញបាន ដែលមានខ្លឹមសារដូចខាងក្រោម ៖

កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍​ មួយកើតឡើង ដោយអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ បានបុករថយន្ត១គ្រឿងម៉ាកកូរ៉ូឡា បណ្តាលឲ្យស្លាប់ ។

សមត្ថកិច្ចនគរបាលជំនាញបានធ្វើការស៊ើបអង្កេតកសាងសំណុំរឿង ដើម្បីបញ្ជូនទៅព្រះរាជអាជ្ញាអមសាលា​ ដំបូងខេត្តចាត់ការតាមនីតិវិធី ។
ក្រោយមកក្នុងពេលកំពុងស៊ើបអង្កត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ភាគីទាំសងខាងបានសម្របសម្រួលជាមួយគ្នា ដោយភាគីខាងរថយន្តយល់ព្រមប្រគល់ប្រាក់ចំនួន ២,០០០ ដុល្លារទៅឲ្យភាគីខាងម៉ូតូ ឯភាគីខាងម៉ូតូយល់ព្រមទទួលប្រាក់ ចំនួន ២,០០០ ដុល្លារនេះ ហើយសន្យាថា មិនប្តឹងផ្តល់ទេ ។ បន្ទាប់មកភាគីខាងរថយន្តបានសំណូមពរឲ្យសមត្ថកិច្ចនគរបាលចរាចណ៍​ដោះស្រាយប្រគល់រថយន្តឲ្យខ្លួនវិញ តាមរយៈការទាក់ទងតាមទូរសព្ទជាបន្តបន្ទាប់ជាមួយលោក សុខ សាវី ដោយសំអាងថា បានសម្របសម្រួលគ្នាហើយ ។

បញ្ហានេះ លោក សុខ សាវី ជាមន្ត្រីនគរបាលចរាចរណ៍ខេត្តបានឆ្លើយតបវិញថា នគរបាលជំនាញមិនហ៊ានដោះស្រាយប្រគល់រថយន្តតាមសំណូមពររបស់ភាគីខាងរថយន្តទេ ព្រោះតាមច្បាប់គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យស្លាប់មនុស្សត្រូវតែកសាងសំណុំរឿងបញ្ជូន
ទៅតុលាការ​តាមនីតិវិធី ទោះបីមានការស្រុះស្រួលគ្នារវាងភាគីទាំងសងខាងក្តី ហើយប្រសិនបើអាចដោះស្រាយបានក៏ត្រូវសុំយោបល់ និងមានការយល់ព្រមពីព្រះរាជអាជ្ញាដែរ ។ ចំពោះការចោទប្រកាន់ថា លោក សុខ សាវី ផ្អឹបសំណុំ
រឿងគ្រោះថ្នាក់ចរាចរណ៍មួយនេះដើម្បីទារយកលុយ ២,០០០ ដុល្លារ នោះមិនមែនជាការពិតទេហើយជាមួយនេះម្ចាស់ផេកទំនួញ កម្ពុជា ក៏បានចុះផ្សាយកែតម្រូវ លើផេករបស់ខ្លួនអំពីការចុះផ្សាយរបស់ខ្លួនដោយការយល់ច្រឡំ ហើយក៏មានសុំអភ័យទោសពីលោក សុខ សាវី ផង ដែរ ។

ដូចនេះសូមសាធារណជនមេត្តាជ្រាប ៕

មតិយោបល់