ព័ត៌មានជាតិ

ទាស់សម្ដីគ្នា ទប់កំហឹងមិនជាប់ ចូលវាយដល់ក្នុងផ្ទះ ម្នាក់សន្លប់ស្ដូក ឯងម្នាក់ទៀត ត្រូវសមត្ថកិច្ចនាំខ្លួន..

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៧យប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា នៅចំណុចភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ រួចមកសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រ៉េត រួម ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅក្នុងភូមិ/សង្កាត់កើតហេតុ បានបំភ្លឺឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ សាវឹង មករា ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

កន្លងមកគ្រួសាររបស់ជនរងគ្រោះ និងគ្រួសាររបស់ជនសង្ស័យ តែងតែឈ្លោះប្រកែកគ្នា មិនដែលត្រូវគ្នាម្តងណាឡើយ នៅថ្ងៃកើតហេតុម្តាយរបស់ជនសង្ស័យ និងជនសង្ស័យ បានមកជេរប្រមាថខ្លួនដល់មុខផ្ទះ ទើបជនរងគ្រោះ ក៏បានឈ្លោះប្រកែកតពាក្យសម្ដីគ្នាទៅវិញ ស្រាប់តែជនសង្ស័យដើរចូលមក ហើយវ៉ៃ និងទះកំផ្លៀងជនរងគ្រោះចំនួន ០២ដៃ បណ្តាលឲ្យដួលសន្លប់លែងដឹងខ្លួន ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់