ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បើកទៅបុកដើមឈើបាក់អស់២ដើម បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសទ្បើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ៦០ ម៉ែត្រកែង និង៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់វ័យជាង៣០ឆ្នាំ បានបើករថយន្តស៊េរីទំនើប ម៉ាក FORD RANGGER ពណ៌ស ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ ក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរបោះពួយយ៉ាងលឿន តាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច។
លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែវាក់អើរនាំងថ្ម ដាក់កាត់ទទឹងផ្លូវ ក៏បួងចង្កូតបត់ស្តាំឡើងទៅផ្លូវ៦០ម៉ែត្រ តែដោយសារតែរថយន្តលឿនពេក ក៏ហួសជ្រុលទៅបុកនិងដើមឈើ ដែលជារបស់សាលារាជធានីភ្នំពេញ ទើបនឹងដាំ បណ្តាលឲ្យបាក់អស់ចំនួន២ដើម ចំណែករថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ តែមិនបានឃាត់រថយន្ត និងអ្នកបើកបរនោះទេ បែរជាឲ្យអ្នកបើកបរបើករថយន្ត បើកចេញបាត់ទៅវិញ៕
មតិយោបល់