ព័ត៌មានជាតិ

ទឹកដោះម្តាយថ្លៃ! រថយន្តដឹកស្រាបៀរភ្នំពេញ បើកបត់មិនប្រយត្ន័ កៀរនិងកិននិចពីក្រោមអូសជាច្រើនម៉ែត្រ សំណាងមនុស្សមិនអី

ភ្នំពេញៈ បុរសម្នាក់បើករថយន្តហ៉ីយ៉ាន់ដាយ​ចំណុះ៨តោន ដឹកស្រាបៀរភ្នំពេញ បត់ចូលឃ្លាំងជួលមួយកន្លែងមិនប្រយ័ត្ន កៀម៉ូតូមួយគ្រឿងអូសនៅក្រោមរថយន្ត បណ្តាលឲ្យបុរសម្នាក់រងរបួសរលាត់ដៃជើងស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឃ្លាំងជួលមួយកន្លែង តាមបណ្តោយផ្លូវ២០០៤ ខាងកើតបុរីអរគិីដេរប្រមាណជាង២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកហ៉ីយ៉ានដាយ ពណ៌ក្រហម ចំណុះ៨តោន ពាក់ស្លាកលេខ ព្រះសីហនុ 3A-2391បានដឹកស្រាភ្នំពេញ ចេញពីខេត្តកំពង់ឆ្នាំង យកមកទុកនៅឃ្លាំងជួលមួយកន្លែងនៅចំណុចកើតហេតុខាងលើ ដោយបានបើកបរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីលិចទៅកើតលុះមកចំណុចកើតហេតុបានបត់ស្តាំបម្រុងចូលឃ្លាំងជួលមិនប្រយត្ន័ក៏មានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CH-6179 ជិះដោយបុរសម្នាក់ស្របទិសដៅគ្នាមកពីក្រោយគេចមិនទាន់ត្រូវបានរថយន្តកៀដួលម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសរលាត់ដៃជើងស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់