បន្ទាយមានជ័យៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មានការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះប្រតិបត្តិបង្រ្កាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ នៅចំណុចទន្សាយអើត ស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោយទទួលបានព័ត៌មានអំពីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តន៍ និងដោយមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ រួមមាន៖ ១-ឈ្មោះ សៀក ហេង ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត , ២-ឈ្មោះ ឡាច ផល្លា ភេទ ប្រុស អាយុ៥២ឆ្នាំ មុខរបរជាងដែក បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត , ៣-ឈ្មោះ សោម គឹមដេត ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរជាងកាត់ដេរ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងជនសង្ស័យទី៤-ឈ្មោះ នី ផាន់ណូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្នុងនោះកម្លាំងបានធ្វើការរឹបអូសវត្ថុតាងរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន០១កូនថង់កឹប ស្មើ ៥១.០២ក្រាម ,រថយន្តកាមេរីឆ្លាម ស៊េរីឆ្នាំ១៩៩៣ ពណ៌ក្រហម ១គ្រឿង ,ទូរស័ព្ទដៃចំនួន៤គ្រឿង , ចិញ្ចៀនលោហៈធាតុពណ៌លឿងចំនួន ២វង់ ,នាឡិកាដៃ១គ្រឿង។
បន្ទាប់ពីសាកសួររួចមក ជនសង្ស័យខាងលើមានសារភាពថា ៖ រូបគេទាំង៤នាក់ មិនបានដឹងថាខ្លួនមានពាក់ព័ន្ធនឹងករណីគ្រឿងញៀននោះទេ ដោយខ្លួនគ្រាន់តែធ្វើតាមបញ្ជាពីឈ្មោះ (ថា) ទទួលបញ្ញើជាកញ្ចប់ដែលបិទជិតមិនដឹងជារបស់អ្វី ទៅឲ្យមនុស្សម្នាក់ផ្សេងទៀត លុះពេលសមត្ថកិច្ចឃាត់ខ្លួន ទើបដឹងថាជាគ្រឿងញៀន។ ចំណែក ជនសង្ស័យឈ្មោះ ថា សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។
ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់