ស្ទឹងត្រែងៈ បុរសម្នាក់រងរបួសធ្ងន់ ខណៈពេលដែលកំពុងតែអង្គុយផឹកស្រាជាមួយគ្នីគ្នា ហើយត្រូវបុរសម្នាក់ទៀតទាញយកពូថៅមកកាប់ក្នុងទំនាស់ពាក្យសម្តីមួយ។
ហេតុការណ៍នោះបានកើតឡើងនៅត្រង់ចំណុចផ្លូវបំបែកចម្ការលើស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំអូររៃស្រុកថាឡាបរិវ៉ាត់កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ ម៉យភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំអូររៃខេត្តស្ទឹងត្រែង បានរងរបួសត្រង់កញ្ចឹងកផ្នែកខាងស្តាំ។ចំណែកជនសង្ស័យឈ្មោះ ម៉ុយ ផល ភេទប្រុស អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មដា ឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សព្វថ្ងៃ មករស់នៅជាមួយជនរងគ្រោះ។
អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេបានឃើញពួកគាត់ទាំងពីរនាក់ ផឹកស្រាជាមួយគ្នាក្នុងផ្ទះឈ្មោះថៃ ម៉យ និងប្អូនធម៌ម្នាក់ទៀតរួចហើយក៏នាំគ្នាផឹកស្រាទាំងបីនាក់តែម្តងទៅ។ ដល់ពេលផឹកស្រវឹងគេក៏ឮពួកគាត់ប្រកែកទាស់ពាក្យសម្ដី រហូតដល់មានការវាយគ្នា ក្រោយមកគេបានឃើញបុរសឈ្មោះ ម៉យ ផល រត់ចូលទៅយកពូថៅ ដែលមាននៅក្នុងផ្ទះពួកគាត់ផឹកស៊ីនោះមកកាប់ទៅលើឈ្មោះ ថៃ ម៉ុយ ចំនួនមួយពូថៅបណ្តាលឲ្យត្រូវរបួស។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនព្រមទាំងនាំខ្លួនយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងព្រមទាំងបញ្ជូនបន្តទៅកាន់តុលាការនៅថ្ងៃទី០៥ ខែឆ្នាំ ដដែលដើម្បីដាក់ទោសទៅតាមនីតិវិធី៕
មតិយោបល់