ព័ត៌មានជាតិ

អុញនោះទៀតហើយ! សមត្ថកិច្ចរកឃើញ បាញ់កាញ់ លតអង្ករ និងទឹកក្រូចចម្រុះ មានសារធាតុគីមីបូរ៉ាក់ (Borax)…

ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានការចូលរួមសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារទ្រា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១៤ ភូមិព្រៃមាស ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន១៥ គំរូ មានដូចជា៖ សរសៃគុយទាវ នំបញ្ចុក នំបាញ់ហយ បាញ់កាញ់ ត្រីប្រលាក់ ស្ករត្នោត សណ្តែកបណ្តុះ ជ្រក់មមាញ លតអង្ករ ចាហ៊ួយ ប្រហិតសាច់គោ និងសាច់ក្រក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) និងទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ មួយចំនួនដូចជា៖
– បាញ់កាញ់ ចំនួន ៨.៣ គីឡូក្រាម
– លតអង្ករ ចំនួន ៤.៧ គីឡូក្រាម
– ទឹកក្រូចចម្រុះ ចំណុះ ១.៥ លីត្រ ចំនួន ៨ ដប ស្មើនឹង ១២ គីឡូក្រាម
សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ២៥ គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីឲ្យធ្វើការកែប្រែឡើងវិញ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕

មតិយោបល់