ព្រៃវែងៈ យោងតាមផេក របស់អគ្គស្នងការដ្ឋាននរគបាលជាតិ បានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករថយន្តស្ទូចបណ្តាលអោយរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតទ្បើងនៅ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីយប់ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ៥០-៥១ ស្ថិតនៅក្នុងភូមិ គ.គរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
តាមរបាយការណ៍របស់នគរបាលស្រុកពារាំងបានឲ្យដឹងថា រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខព្រៃវែង 2A 3456 បើកបរដោយម្ចាស់ឈ្មោះ ឡា សំអាត ភេទប្រុស អាយុ៥៣ឆ្នាំ នៅបុរីប៉េងហួត ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើដំណើក្នុងទិសដៅពីកើតទៅលិចលុះមកដល់កន្លែងកើតហេតុ រថយន្តរេចង្កូតប្តូរគន្លងផ្លូវ ជ្រុលទៅបុក រថយន្ត១គ្រឿងទៀត ម៉ាកនីសាន់ ( មានដងសន្ទូច ) ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 5A 0789 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តកាមរី បាឡែន រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ អ្នករងរបួសបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកពារាំង ។
ចំណែកអ្នកបើកបររថយន្តស្ទូច បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕




មតិយោបល់