ព័ត៌មានជាតិ

ហុងដា ពន្លះហ៊ីយ៉ាន់ដាយ ផ្ដាច់ជីវិតបុរសម្នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែង កាលពីវេលាម៉ោង៨ និង៥០នាទីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវខេត្តលេខ ១២៩ ស្ថិតនៅក្នុងភូមិ ព្រែកបិ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតគេឃើញ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១២៥ ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-8835 បើកបរដោយឈ្មោះ ថន ហូយ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ កំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ត កណ្តាល (ម៉ូតូអត់កញ្ចក់ អ្នកបើកអត់ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2O-0562 ដែលបើកបរក្នុងទិសដៅ បញ្ច្រាសទិសគ្នា (អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្ត បានបើកគេចខ្លួន បានប្រហែល ៣ គីឡូម៉ែត្រ ក៏ទុករថយន្តចោល ។

ករណីនេះ បង្កឡើងដោយអ្នកបើកបររថយន្ត បើកបរលឿន ហើយមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី។ រីឯសាកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់