ព័ត៌មានជាតិ

ម្ចាស់មិននៅផ្ទះ ក្មេងយកដែកកេះលេងភ្លើង មានអីឆេះផ្ទះខ្ទេច

សៀមរាប: កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ប្រភេទឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងស្លឹក របស់គ្រួសារ ឈ្មោះ វ៉ាន់ ឡង អាយុ៣២ឆ្នាំ មុខរបរលក់បន្លែ និងប្រពន្ធឈ្មោះ ហិប ពៅ អាយុ២៤ឆ្នាំ មានកូនម្នាក់ក្នុងបន្ទុក។

ក្នុងនោះដែរ អគ្គិភ័យនេះបានឆាបឆេះផ្ទះមួយខ្នង ទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ ខូចខាតទាំងស្រុង , កង់ចំនួន ០២គ្រឿង , ទូរទស្សន៍ប្រភេទ LCD មួយគ្រឿង , លុយដុល្លារចំនួន ១២០០ដុល្លារ , សម្ភារ:ផ្ទះបាយនិងសម្លៀកបំពាក់ ខូចខាតទាំងស្រុង, សំបុត្រកំណើត និងឯកសារផ្សេងៗ។

ហើយករណីអគ្គិភ័យ នេះបានឆេះ រាលដាលដល់វាលស្មៅ និង ព្រៃដែលនៅក្បែរផ្ទះ ទំហំប្រហែល២ ហិកតា ផងដែរ។

ចំណែកមូលហេតុ កើតឡើងខណ:ដែលម្ចាស់ផ្ទះ មិននៅ មានក្មេងទៅលេងក្បែរ ហើយប្រើដែកកេះ បង្កាត់ភ្លើងលេង បណ្ដាលឲ្យឆាប់ឆេះ ជញ្ជាំង ផ្ទះ ហើយឆេះរាលដាលតែម្តង ផ្អើលដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រើប្រាស់រថយន្តចំនួន១គ្រឿង បាញ់ទឹកពន្លត់ ទប់ស្កាត់មិនឲ្យឆេះរាលដាលដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋផ្សេងទៀត រហូតដល់១និង៣០នាទីរសៀល ទើបរលត់ទាំងស្រុង៕

មតិយោបល់