ព័ត៌មានជាតិ

ការដួលរលំអាហ្វហ្កានីស្ថាន៖ អឺរ៉ុបមិនអាចពឹងលើសហរដ្ឋអាមេរិក ដូចមុនទៀតឡើយ

(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ប្រ៊ុយណូ ឡឺ ម៊ែរ (Bruno Le Maire) បាននិយាយថាហេតុការណ៍ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន គឺជាការក្រើនរំលឹក មួយឱ្យសហភាពអឺរ៉ុបភ្ញាក់ខ្លួនងាកមកពង្រឹងវិស័យការពារជាតិ និងភាពជាមេដឹកនាំពិភពលោក ដោយមិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិកដូចមុនទៀតបានឡើយ។

ក្នុងសនិ្នសីទសារព័ត៌មាននៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះនាឱកាសចូលរួមសន្និសីទធុរកិច្ចប្រចាំឆ្នាំនៅឯតំបន់ Cernobbio នៃប្រទេសអ៉ីតាលី លោក Bruno បានបញ្ជាក់ថា «អ៉ឺរ៉ុបគឺជាមហាអំណាចលេខ៣ បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក…តែអ្នកបើកភ្នែកមើលចុះ យើងកំពុងប្រឈមមុខនឹងការគំរាមកំហែង ហើយយើងមិនអាចបន្តពឹងផ្អែកលើការការពារពីសហរដ្ឋអាមេរិកទៀតបាននោះទេ។ ហេតុការណ៍ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន គឺជាការក្រើនរំលឹកមួយ ខណ:អឺរ៉ុបកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក»។

បើតាមលោក Bruno Le Maire បារាំងបានសម្រេចចិត្តវិនិយោគប្រាក់ ២.០២ពាន់លានដុល្លារបន្ថែមដើម្បីពង្រឹងវិស័យការពារជាតិនៅក្នុងឆ្នាំ២០២១នេះ ហើយក៏ចង់ឃើញបណ្ដាប្រទេសអឺរ៉ុបធ្វើដូចគ្នានេះផងដែរ៕

 

មតិយោបល់