ព័ត៌មានជាតិ

ថៃលក់គ្រឿងញៀនឲ្យខ្មែរចែកចាយបន្ត ត្រូវ​សមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនបានប្រុសស្រី២នាក់ ដកហូតជាង១គីឡូ​ក្រាម!

​បន្ទាយមានជ័យៈ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ​កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ​២នាក់ នៅ​​ភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​ជនសង្ស័យ​​ទាំង២នាក់ ទី១​ឈ្មោះ ប៉ិក សែនសុវណ្ណ ភេទ​ប្រុស អាយុ​៣៩ឆ្នាំ មុខរបរ ធ្វើស្រែ និងទី២​ឈ្មោះ ពេជ្រ រដ្ឋា ភេទ​ស្រី អាយុ​២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ​ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ​ដកហូតបាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន​១ថង់កឹប ស្មើ១០១៥.២ក្រាម, ទូរស័ព្ទដៃ​២គ្រឿង,សៀវភៅធនាគារសាធារណៈរបស់(ពេជ្រ រដ្ឋា)​១ក្បាល,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ​១សន្លឹក,សៀវភៅឆ្លងដែន​១ក្បាល ,ប័ណ្ណព្រំដែនកម្ពុជា-ថៃ ​១ក្បាល, សៀវភៅគ្រួសារ​១ក្បាល និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ។

​ជនសង្ស័យបាន​សារភាពថា ​ឈ្មោះ ប៉ិក សែន សុវណ្ណ រូបគេបានបញ្ជាទិញគ្រឿងញៀនពីជនជាតិថៃម្នាក់ឈ្មោះ ឈីន
ដើម្បីយកទៅចែកចាយបន្ត ដោយណាត់ប្រគល់-ទទួលទំនិញនៅម្តុំស្រះស្ទួចត្រី ចំណែកឈ្មោះ ពេជ្រ រដ្ឋា រូបនាងត្រូវបានជនជាតិថៃឈ្មោះ ឈីន ប្រើឲ្យយកតែ​១កញ្ចប់ធំដាក់ក្នុងកាបូបស្ពាយ ទៅប្រគល់ឲ្យជនសង្ស័យខាងលើ ហើយរូបនាងមិនដឹងថា ក្នុងកញ្ចប់នោះជាគ្រឿងញៀននោះទេ​។

ចំណែកជនសង្ស័យជាជនជាតិថៃ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ​ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕​

មតិយោបល់