ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ត្រូវបានពាក់ព័ន្ធ ករណីអំពើលួច(លួចយកម៉ូតូ) នៅចំណតទុកម៉ូតូផ្សារអ៊ីអន ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង១០នាទី យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។
ជនសង្ស័យខាងលើទី១មានឈ្មោះ សំ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបកឡានតាក់ស៊ី ស្នាក់នៅបន្ទប់ជួលលេខ៤ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) និងទី២ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើសោ ស្នាក់នៅផ្ទះជួលលេខ៤ ផ្លូវ១៦៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមាន ឈ្មោះ ស៊ាម ហុងសាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ កណ្តាល1AA-3435។
សម្ភារៈបន្សល់ទុក ៖ ឧបករណ៍ធ្វើសកម្មភាពលួចម៉ូតូមួយចំនួន ,ទូរសព្ទ័ដៃចំនួន៣គ្រឿង, រថយន្ត១គ្រឿង កាមរីបាឡែន ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ2D-9910។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះនៅសង្កាត់ជ្រោយចង្វារ មកធ្វើការនៅផ្សារអ៊ីអន២ ដោយបានទុកម៉ូតូនៅក្នុងចំណតម៉ូតូរបស់ផ្សារអ៊ីអន២ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ បានមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះនៅចំណុចកើតហេតុ ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ បានគេចខ្លួន៕
មតិយោបល់