ព័ត៌មានជាតិ

ម៉ូតូជិះលឿនជ្រុលទៅបុករថយន្ត បើកឆ្លងកាត់ផ្លូវបំបែកជាបួន

ភ្នំពេញ: នាវេលាម៉ោង ១១យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសម្នាក់ ស្ថិតតាមបណ្ដោយផ្លូវ១២២កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-8340 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ១២២ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុរថយន្តនោះក៏ បានបើកឆ្លងកាត់ផ្លូវ២២១ ខណ:ពេលដែលឆ្លងជិតផុតទៅហើយ ក៏ស្រាប់តែមានម៉ូតូ មួយគ្រឿងម៉ាក កុប ពណ៌សលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 1AX-4625 ដែលជិះដោយបុរសពីរនាក់ តាមបណ្ដោយផ្លូវ២២១ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកចំកាងខាងមុខ រថយន្តពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូសន្លប់ស្តូកស្តឹក និងអ្នកអង្គុយខាងក្រោយរងរបួសស្រាល រីឯម៉ូតូបានរងការខូចខាតបន្តិចបន្តួច ចំណែកឯរថយន្តបានធ្លាក់កាងខាងមុខ បន្ទាប់មកក៏មានរថយន្តរបស់គ្លីនិកឯកជនសម្ភពពន្លឺ បានមកដឹកយកជនរងគ្រោះទៅសង្គ្រោះ ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំ ដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់