ព័ត៌មានជាតិ

លម្អិត៖ អគ្គិភ័យឆាបឆេះជណ្តើរយន្ត អាគារកាស៊ីណូ១៨ជាន់ របស់លោក កុក អាន ផ្អើលទាំងកណ្តាលយប់ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផេក នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យបានឆាបឆេះជណ្តើរយន្តអាគារកាស៊ីណូ១៨ជាន់ របស់លោក កុក អាន ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានបុគ្គលិកប្រមាណជាង១ពាន់នាក់ កំពុងធ្វើការនៅទីនោះ។

ក្រោយពេលហេតុការណ៍នេះកើតឡើង កងកម្លាំងនៃស្នងការនគរបាលខេត្ត រួមជាមួយរថយន្តពន្លត់អគ្គិភ័យ និងកងកម្លាំងកងរាជអាវុហត្ថ បានសហការគ្នាចូលអន្តរាគម៍ទាន់ពេលវេលា និងបានសង្គ្រោះមនុស្សចេញដោយសុវត្ថិភាព។

ក្នុងនោះក៏មានអ្នករងរបួសដួលសន្លប់ដោយឈ្លក់ផ្សែង ចំនួន១០នាក់ របួសបាក់ជើងម្នាក់ និងអ្នកមានអាការ:មិនស្រួល ដោយឈ្លក់ផ្សែងមួយចំនួនទៀត តែបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត និងមន្ទីរពេទ្យនានាបានទាន់ពេលវេលា។

ដោយឡែកចំពោះអគ្គិភ័យកងកម្លាំងក្រុមជួយពន្លត់បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងនៅម៉ោង១១និង ៣០នាទីយប់ថ្ងៃដដែល។ ប៉ុន្តែគេនៅមិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាតនៅឡើយ។

តាមការបញ្ជាក់ការឆាបឆេះនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីជណ្តើរយោង{រឺជណ្តើរលិត}

សូមបញ្ជាក់ថាលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានចុះផ្ទាល់និងដឹកនាំបញ្ជាក្នុងហេតុការណ៍នោះដែរ៕

មតិយោបល់