ព័ត៌មានជាតិ

មន្រ្តីនគរបាល២នាក់ ជិះម៉ូតូលឿនវ៉ាក់អើជាមួយកង់​បី​ឥណ្ឌា ខណៈដែលបត់ត្រឡប់ក្រោយ ក្លាយជាទំនាស់ទាស់ពាក្យសម្តីផ្អើលសមត្ថកិច្ច!

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរស​ជា​មន្ត្រី​នគរបាល​២នាក់ ​​​ជិះ​ម៉ូតូ​វ៉ា​ក់​អើជាមួយម៉ូតូ​កង់​បី​ឥណ្ឌា ក្រោយមករូបគាត់បាន​ឲ្យ​ខាង​ម៉ូតូ​កង់​បី​ សុំ​ទោស​ ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត កាលពី​វេលា​ម៉ោង៩និង៥០នាទី​យប់ ថ្ងៃ​ទី០​៧ ខែមករា ឆ្នាំ២០១៩ ​នៅទល់​​មុខ​​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពន់​១ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ដែល​​មាន​វ័យ​​ជាង​៥០​ឆ្នាំ​ម្នាក់​​បើក​ម៉ូតូ​កង់​​បី​ឥណ្ឌា ពណ៌​លឿង ធ្វើ​ដំណើរតាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះមកដល់កន្លែងកើតហេតុ ក៏បាន​បត់​ឆ្វេង​ត្រលប់​ក្រោយ​បាន​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​មាន​​បុរស​២​នាក់ ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​តែ​ស្លាក់​ពាក់​ស៊ី​វិល ​ហើយ​មាន​វិទ្យុទាក់ទង​បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ត្រួយ​ចេក ​ពាក់​ស្លាក​លេខ ភ្នំពេញ​1FH-8884 ​ជិះក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​មាន​ល្បឿន​លឿនផងនោះ ក៏បាន​វ៉ា​ក់​អើ​ជាមួយ​និង​ម៉ូតូ​កង់​បី​ដែល​កំពុង​បត់​ត្រលប់​ក្រោយ​។

ក្រោយមក​ភាគី​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌាក៏បាន​សុំ​ទោស​ម្តង តែ​ខាង​បុរស​​ជា​មន្ត្រី​នគរបាល​ទាំង​២​នាក់​នោះនៅតែ​មិន​អស់ចិត្ត បានឲ្យ​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌាសុំ​ទោស​ម្តងទៀត ។ តែ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌាមិន​ព្រម ដោយសារតែ​រូប​គាត់​បាន​សុំ​ទោស​ម្តង​រួច​ហើយ​ ទើប​បង្កជាទំនាស់​ទាស់ពាក្យសម្តី​ផ្អើល​ដល់​សមត្ថកិច្ច២​ខណ្ឌ​ចុះ​ទៅ​ជួយ​សម្របសម្រួល​តែម្តង។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា ប្រញាប់​ទៅ​ប្រកប​រប​រកស៊ី​បន្ត​ទៀត ទើប​សុខ​ចិត្ត​សុំ​ទោសទៀត ​ដើម្បី​បញ្ចប់រឿង​៕

មតិយោបល់