ព័ត៌មានជាតិ

តុលាការកាត់ទោសអតីតផ្កាយ២ ងិន មនោ រឿងចេញសែកស្អុយ

ភ្នំពេញៈ នៅរសៀលថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ លោក​ លាង​ សំណាត់​ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ​ បានលើកយកសំណុំរឿង​អតីតឧត្តមសេនីយ៍ទោយោធា​ មានងារឧកញ៉ា​ ម្នាក់​ ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ (ចេញសែកស្អុយ​)​ មកបើកសវនាការជំនុំជម្រះលើអង្គសេចក្តី។

ជនជាប់ចោទឈ្មោះ​ ងិន​ មនោ​ ត្រូវបានលោក​ ស្រី​ ម៉ាកនី​ តំណាងអយ្យការចោទប្រកាន់ពីបទ​ មិនបំពេញកាតព្វកិច្ចចពោះឧបករណ៍អាចជួញដូរបាន​ ដោយមានដើមបណ្តឹង​ យោងតាមមាត្រា​ ២៣១​ នៃច្បាប់ស្តីពី​ ឧបករណ៍អាចជួញដូរបាន​ និងប្រតិបត្តិការទូទាត់សងប្រាក់។

អ្វីដែលគួរកត់សម្គាល់នោះ គឺ​ ជនជាប់ចោទ​ឈ្មោះ​ ងិន​ មនោ​ ខណៈបញ្ជូនមកឱ្យតុលាការតាក់ទោស​មិនត្រូវបានអនុរក្សពន្ធនាគារដាក់ខ្លោះដៃដូច​ ជនជាប់ចោទដទៃទៀតឡើយ​ ដោយអនុញ្ញាតឱ្យដើរក្រៅជួរដោយសេរី។

គួរបញ្ជាក់ថា​ សមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ជនជាប់ចោទរូបនេះកាលពីថ្ងៃទី​១១​ ខែមេសា​ ឆ្នាំ២០១៦​ តាមពាក្យបណ្តឹងរបស់ដើមបណ្តឹងម្នាក់មានងារជាឧកញ៉ាដែរ​ ពាក់ព័ន្ធករណី​ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ (ចេញសែកស្អុយ)​ ប្រមាណជា១៦ម៉ឺនដុល្លារ។

ទោះយ៉ាងណាសំណុំរឿងនេះ ត្រូវបានលោក​ លាង​ សំណាត់​ លើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៦ខាងមុខវិញ៕

មតិយោបល់