ព្រះសីហនុៈ បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ព្រមទាំងដៃគូអភិវឌ្ឍ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ អង្គការក្រៅរដ្ឋាភិបាល និងផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ នៅថ្ងៃទី៦ ខែកក្កដានេះ បានរៀបចំធ្វើ “វេទិកាទេសចរណ៍មេគង្គលើកទី៣៧” នៅខេត្តព្រះសីហនុ ដែលជាគោលដៅដ៏ទាក់ទាញបំផុតបន្ទាប់ពីខេត្តសៀមរាប-អង្គរ និងរាជធានីភ្នំពេញ និងជាឱកាសដ៏ល្អមួយសម្រាប់ទាំងអស់គ្នាក្នុងការលំហែកម្សាន្ត និងស្វែងយល់ពីសម្រស់ពិតនៃតំបន់ឆ្នេររបស់កម្ពុជា។
លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ លើកឡើងថា “ឆ្នាំនេះយើងមានមោទនៈភាពដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធ “ទិវាទេសចរណ៍មេគង្គ” នៅលើទឹកដីកម្ពុជា ដែលជាគោលដៅទេសចរណ៍តំបន់ឆ្នេរដ៏ទាក់ទាញ ហើយតំបន់ឆ្នេររបស់យើងដែលត្រូវបានបញ្ចូលក្នុងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងត្រូវបានទទួលស្គាល់ជា តារារះនាទិសនារតី ក៏ជាគោលដៅដ៏ទាក់ទាញបំផុតបន្ទាប់ពីខេត្តសៀមរាប-អង្គរ និងរាជធានីភ្នំពេញ”។
លោករដ្ឋមន្រ្តីបន្តថា វិស័យទេសចរណ៍ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ខណៈដែលអាស៊ីអាគ្នេយ៍ត្រូវបានទទួលស្គាល់ថា ជាតំបន់ដែលមានកំណើនទេសចរណ៍លឿនជាងគេបំផុតលើសកលោក ជាមួយនឹងអាត្រាកំណើនប្រមាណជាង៦ភាគរយក្នុងមួយឆ្នាំ។ មហាអនុតំបន់ទន្លេមេគង្គ ក៏ត្រូវបានគេមើលឃើញថាជាអនុតំបន់ដែលមានកំណើនលឿនជាងគេបំផុតក្នុងទ្វិបអាស៊ីទាំងមូលក្នុងឆ្នាំ២០១៥។
លោកបន្តទៀតថា សម្រាប់កម្ពុជានាពេលនេះ មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានកំណើនភ្ញៀវទេសចរអន្តរជាតិជាបណ្ដើរៗ។ ក្នុងឆ្នាំ២០១៥ វិស័យទេសចរណ៍កម្ពុជា បានរកប្រាក់ចំណូលប្រមាណ៣ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ដែលរួមចំណែក១៣ភាគរយនៃផលទុនសរុប និងបានផ្តល់ការងារដោយផ្ទាល់ និងប្រយោលរាប់សិបម៉ឺននាក់។
លោករដ្ឋមន្រ្តីពន្យល់ថា ទស្សនៈវិស័យនៃអ្នកធ្វើដំណើរគឺដើម្បីស្វែររកនូវបទពិសោធន៍ពិត មានន័យថា នៅពេលទេសចរទៅទស្សនាតំបន់គោលដៅណាមួយ ពួកគេមិនត្រឹមគ្រាន់តែចង់សម្រាកលំហែតាមឆ្នេរប៉ុណ្ណោះទេ ប៉ុន្តែទេសចរស្វែងរកបទពិសោធន៍ប្រកបដោយអត្ថន័យ និងមិនអាចបំភ្លេចបាន ដែលភ្ជាប់ជីវិតរបស់ពួកគេទៅនឹងវប្បធម៌ ធម្មជាតិ និងប្រជាជនក្នុងតំបន់ ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទេសចរណ៍ទៅថ្ងៃអនាគត៕
មតិយោបល់