ភ្នំពេញៈ នាវេលាម៉ោង០២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានជនជាតិចិន១ក្រុមបើកបរ រថយន្ត០២គ្រឿង បានធ្វើសកម្មភាពដកកាំភ្លើងបាញ់រះកន្លែងផ្តល់ព័ត៌មានខុនដូរ The sky line រួចបើកគេចខ្លួនបាត់ស្រមោល បន្សល់ទុករូបថតមានពាក្យពេចន៍គំរាមកំហែងជាច្រើនសន្លឹក បានភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ស្ថិតតាមបណ្ដោយផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញជនជាតិចិន១ក្រុម បើករថយន្ដចំនួន០២គ្រឿង ។ រថយន្ដទាំង០២គ្រឿងនោះ បានបិទស្លាកលេខជិតទាំង០២គ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវ១៣៤ ទិសដៅពីលិចទៅកើត ពេលមកដល់ត្រង់ចំណុចកើតហេតុមានជនជិតចិនម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ បានបើកកញ្ចក់រថយន្តរួច ក៏ដកកាំភ្លើងខ្លីមួយបាញ់ សំដៅទៅកន្លែងផ្តល់ព័ត៌មានរបស់ខុនដូរ The sky line ជាច្រើនគ្រាប់ ត្រូវកញ្ចក់ទ្វារចំនួនពីរផ្ទាំង បន្ទាប់មកជនជាតិចិនមួយក្រុមនោះ ក៏បានបាចក្រដាសជាច្រើនសន្លឹករាយប៉ាយពេញផ្លូវ ហើយក៏នាំគ្នាបើករថយន្តចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ និងរើសយកក្រដាសមានរូបថតមនុស្សប្រុសស្រីចំនួន៥ទៅ៦នាក់ មានសរសេរអក្សរចិន អក្សរវៀតណាម និងអក្សរខ្មែរថា “ប្រយ័ត្ននៅតាមផ្លូវ” សម្បកគ្រាប់ផ្ទុះចំនួន១៦គ្រាប់យកទៅរក្សាទុកដើម្បីរង់ចាំធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕












មតិយោបល់