ព័ត៌មានជាតិ

ជើង​ខ្លាំង ​ព័ទ្ធ​វាយ​គេ​កាល​ពី​ជាង​បួន​ឆ្នាំ​មុន​ ស្រាប់តែ​លេចមុខ ​ចូលស្រុក​វិញ ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​!

ព្រះសីហនុៈ លោក​វរសេនីយ៍ទោ​ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​អធិ​កា​រដ្ឋា​នគរបាល​ស្រុក​ព្រៃនប់​ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ លេខ១១៥០ ដចខ/១៤ ចុះថ្ងៃទី២០-០៩-២០១៥ ។

ដោយបង្គាប់ឲ្យចាប់ខ្លួន​ ឈ្មោះ អាន ផាន់ ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៤-០៩-២០១៤ (ដោយ​អនុវត្តន៍​បាន​សម្រេច​ទាំង​ស្រុង)​។

លោក​វរសេនីយ៍​ត្រី​ អ៊ួង​ វុទ្ធី​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ទទួល​ការ​ងារព្រហ្មទណ្ឌ​ បាន​បញ្ជាក់​បន្ថែម​ថា​ ៖ កាល​ពី​ជាង​បួន​ឆ្នាំ​មុន​ ក្នុង​យប់​ថ្ងៃ​ទី​៤ខែ​កញ្ញា​ ឆ្នាំ​២០១៤ មុខ​សញ្ញាឈ្មោះ អាន​ ផាន់​ បាន​ផឹក​ស៊ី​ក្នុង​ហាង​មួយ​កន្លែង​ នៅ​ភូមិ​វាល​មាស​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់ ហើយ​មាន​ជម្លោះ ជាមួយ​ភាគី​ម្ខាង​ទៀត​ពេល​នោះ​ ឈ្មោះ​អាន​ ផាន់​ បាន​ទៅ​ហៅ​បង​ប្អូន​ជា​ច្រើន​នាក់​ ជិះ​ឡាន​កូរ៉េ​មួយ​គ្រឿង​ មក​ព័ទ្ធ​វាយ​គូ​ជម្លោះ​ដល់​មុខ​ហាង​ផឹកស៊ី​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។

គ្រានោះសមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពួក​គេ​បាន​ម្នាក់ ​ដោយ​ឡែក​ឈ្មោះ​អាន​ ផាន់​ និង​គ្នីគ្នា​ផ្សេង​ទៀត​ បាន​រត់​គេច​ខ្លួន​ចេញ​ពី​មូល​ដ្ឋាន​អស់​ទៅ​។

លោក​អ៊ួង​ វុទ្ធី​ បាន​បន្ថែម​ថា​៖ ថ្មី​ៗ​នេះ ​ឈ្មោះ​អាន​ ផាន់​ បាន​លេច​មុខ​ក្នុង​មូលដ្ឋាន​ ព្រម​ទាំង​ធ្លាប់​ស្ទាក់​ វាយ​សមត្ថកិច្ច​ទៀតផង​ ហើយ​ថ្ងៃ​នេះ​ទំ​រាំ​ចាប់​ខ្លួន​គាត់​បាន​ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់​ ប្រើ​កម្លាំង​ច្រើន​នាក់​ ទើប​ព័ទ្ធ​ចាប់​ខ្លួន​គាត់​បាន​៕

មតិយោបល់