ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកផ្ទាំងថ្មប៉ាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បោកក្បាលស្លាប់មួយរំពេច

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បានជិះម៉ូតូ១គ្រឿង ដោយមានលីចបកាប់ ក្នុងបំណងទៅបង្ហូរទឹកស្រែ តែមិនប្រយ័ត្នទៅបុកផ្ទាំងថ្មប៉ាយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បណ្តាលឲ្យស្លាប់មួយរំពេច។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង៥០រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវលំអភិវឌ្ឍន៍ឃុំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ឡឹប ឡោយ ភេទប្រុស អាយុ២៨ឆ្នាំ ជាពលរដ្ឋរស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ១គ្រឿងម៉ាក វេវ ពណ៌ខ្មៅ លីចបកាប់ ពីលិចទៅទិសខាងកើត ក្នុងគោលបំណងទៅមើលទឹកស្រែ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ មិនប្រយ័ត្នជ្រុលទៅបុកប៉ាយផ្ទាំងថ្ម របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅក្បែរផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ រីឯម៉ូតូខ្ទាតចូលទៅក្នុងស្រែ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះត្រួតពិនិត្យដល់ទីតាំងខាងលើ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់