ព័ត៌មានជាតិ

ម្ចាស់រោងទឹកកកមួយកន្លែង ដុតសំរាមជិតរបងផ្ទះគេ ឆេះរាលដាលដល់ផ្ទះមួយខ្នងអស់ទាំងស្រុង គិតជាទឹកប្រាក់៣ម៉ឺនដុល្លារ

ព្រះវិហារៈ មានករណីអគ្គិភ័យមួយបានឆាបឆេះ ផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៤២នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅចំណុចខាងលិចផ្សារជាំក្សាន្តខេត្ត នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ នៅភូមិចុងសាន ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយផ្ទះដែលឆាបឆេះនេះមានទំហំ៥គុណនឹង៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ឆេះខូចខាតទាំងស្រុង រួមមានគ្រែបេង២ តុបេ៣ ទូរទស្សន៍១ ទូរសព្ទ២ គ្រឿង ទូខោអាវ១ ក្តាពិដាន២គីប លុយកាក់មួយចំនួន និងឯកសារប្លង់ដី សរុបការខូចខាត ចំនួនទឹកប្រាក់៣ម៉ឺនដុល្លារ។

ក្នុងនោះដែរ បើតាមការសន្និដ្ឋានរបស់ម្ចាស់ផ្ទះ បណ្ដាលមកពីម្ចាស់រោងទឹកកកដុតសំរាមជិតរបងផ្ទះ បណ្ដាលឲ្យឆេះរបងឆ្លងមកឆេះផ្ទះរបស់គាត់ ហើយការដុតសំរាមរបស់គាត់មានរយៈពេល៣ថ្ងៃមកហើយ រហូតដល់ពេលឆេះ ហើយជំនាញអគ្គិភ័យយើងបានប្រើប្រាស់ឡានទឹកអស់ចំនួន២ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

មតិយោបល់