ព័ត៌មានជាតិ

លុចស៊ីស RX400h ស្លាកលេខ នគរបាល 2-72 70 បុករឺម៉កកង់បី PassApp បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តលុចស៊ីស RX400h មួយគ្រឿង ពាក់ស្លាកលេខ នគរបាល 2-7270 ទៅបុកជាមួយរ៉ឺម៉កកង់បី PassApp បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង សង្កត់អ្នកដំណើរ ០២នាក់រងរបួស។

ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង០១ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ តាមចំណុចផ្លូវបំបែកជាបួន មុខភោជនីយដ្ឋានបុប្ផាគិរីរម្យ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេបានឃើញរ៉ឺម៉កកង់បី PassApp មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 1L-9041 បើកបរដោយយុវជនម្នាក់ ដឹកភ្ញៀវ ០២នាក់ តាមបណ្ដោយផ្លូវ១១៣ ធ្វើដំណើរពីជើងទៅត្បូង​ លុះមកដល់ផ្លូវបំបែកជាបួនជាចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តលុចស៊ីស RX400h ពណ៌ស ពាក់ស្លាកលេខន គរបាល 2-7270 បានធ្វើដំណើរតាមបណ្ដោយផ្លូវ​២៧៨ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន មកបុកចំផ្នែកចំហៀងខាងក្រោយ​ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សង្កត់អ្នករួមដំណើរទាំងពីរនាក់របួសស្រាល។

ភ្លាមៗនោះប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បាននាំគ្នារត់ចូលមកជួយលើកកង់បី ផ្ងារឡើងវិញ ចំណែករថយន្តបានបន្តដំណើរទៅមុខ ប្រហែលជា៤០ម៉ែត្រទៀត ត្រូវបានប្រជាពលរដ្ឋជួយស្ទាក់ឃាត់ ឲ្យឈប់ដោះស្រាយគ្នា និងរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែង រួចឲ្យភាគីទាំងសងខាងដោះស្រាយ​គ្នា ដោយភាគីម្ចាស់រថយន្ត ព្រមសងសំណងទៅឲ្យម្ចាស់រ៉ឺម៉កកង់បី​ ចំនួន១៣០ដុល្លារ​ និងអ្នករបួស២នាក់ ៤០ដុលា្លរ​ ដើម្បីបញ្ចប់រឿង៕

មតិយោបល់