ភ្នំពេញៈ ឆ្លងចរន្តអគ្គិសនីឆាបឆេះខូចខាតសម្ភារៈចាប់ហួយមួយចំនួនធំនិងរថយន្តឡិចស៊ីសមួយកណាត់មុខនៅក្នុងផ្ទះល្វែងសងអំពីឥដ្ឋ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៥៥ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ ណោ ឆេងគីម ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងទាំងទឹកមុខក្រៀមក្រំថា នៅពេលកើតហេតុនេះគាត់មិនបាននៅផ្ទះឡើងដោយរវល់លក់នៅឯផ្សារទំនប់ឯណោះស្រាប់តែមានគេខលប្រាប់ថាមានភ្លើងឆេះ។
តាមប្រភពព័ត៌មានពីប្អូនស្រីរបស់ម្ចាស់ផ្ទះបានឲ្យដឹងថាផ្ទះដែលឆេះខាងលើនេះជាផ្ទះសម្រាប់ស្តុកទំនិញចាប់ហួយដោយបានចាក់សោជាប់ម្ចាស់ផ្ទះទៅធ្វើការនិងលក់ដូរអស់។
សមត្ថកិច្ចឲ្យដឹងថាអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ធ្វើឲ្យឆាបឆេះខូចខាតរថយន្តមួយកំណាត់មុខ ម៉ាកឡិចស៊ីស RX300 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ2V-0897 និងឆេះខូចខាតសម្ភារៈមួយចំនួនធំ។
ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ប្រើប្រាស់ទឹកពន្លត់ចំនួន៣ គ្រឿង មានរថយន្តរបស់ការិយាល័យបង្កាពន្លត់អគ្គិភ័យរាជធានីភ្នំពេញ២គ្រឿង រថយន្តខណ្ឌឫស្សីកែវ១គ្រឿង។ អគ្គិភ័យនេះពន្លត់ចប់សព្វគ្រប់ជាស្ថាពរនៅវេលាម៉ោង ១០និង២៥នាទី មិនបណ្តាលឲ្យខូចខាត បាត់បង់ ឬរងគ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុឡើយ៕
មតិយោបល់