ព័ត៌មានជាតិ

ខូចអនាគតអស់ហើយ! លក់ថ្នាំញៀន៦កញ្ចប់ធំ ត្រូវប៉ូលិសចាប់ខ្លួនដកហូតបានទាំងកាំបិតកែច្នៃទៀត!

ភ្នំពេញ: នគរបាលខណ្ឌដូនពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៦កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ សុវណ្ណវិរះ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ ជួញដូរគ្រឿងញៀន។

ក្នុងនោះដែរវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់ធំ​ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន​ ឧបករណ៍ប្រើប្រាស់មួយចំនួន​ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១​ កាំបិតដែកច្នៃចំនួន០១ និងប្រាក់រៀលចំនួន៧៥៥០០រៀល។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ ធ្វើការសាកសួរដើម្បីយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិងក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់