ព័ត៌មានជាតិ

បត់ម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តស៊េរីទំនើបបុក បុរសម្នាក់របួស ខាងរថយន្តជួយចេញថ្លៃព្យាបាល២៥០ដុល្លារបញ្ចប់រឿង!

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូរបួសរួចជួយចេញថ្លៃព្យាបាល២៥០ដុល្លារបញ្ចប់រឿង កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ​នៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវលំ ខាងត្បូងរង្វង់មូលនាងមច្ឆា ប្រមាណ៣០០ម៉ែត្រ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបខាងលើម៉ាក ​ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ2B.​0001។
ចំណែកម៉ូតូម៉ាកហុងដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្តាល1S.​8461​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងផ្សេង២គ្នាថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកស្របទិសគ្នាតាមបណ្តោយផ្លូវបេតុងដោយម៉ូតូបើកខាងមុខ លុះមលដល់ចំណុចកើតហេតុម៉ូតូបានបត់ស្តាំដើម្បីចូលទៅផ្លូវលំក៏ប៉ះគ្នាជាមួយរថយន្តតែម្តង។

ចំណែកប្រភពមួយទៀតឲ្យដឹងថារថយន្តធ្វើដំណើរតាមផ្លូវបេតុខាងលើទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏មានម៉ូតូខាងលើបើកតាមផ្លូវបេតុពីត្បូងទៅជើងបត់ឆ្វេងឆ្លងផ្លូវបេតុងចូលផ្លូវលំក៏ត្រូវរថយន្តប៉ះបណ្តាលឲ្យរងរបួសតែម្តង។

ទោះជាយ៉ាងណាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបានអូសបន្លាយពេលរាប់ម៉ោងឲ្យសមត្ថកិច្ចពិបាកសម្របសម្រួលឡើយគឺភាគីទាំងសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុដោយភាគីខាងរថយន្តស៊េរីទំនើបសុខចិត្តជួយចេញថ្លៃព្យាបាលរបួសចំនួន២៥០ដុល្លារបញ្ចប់រឿង៕

មតិយោបល់