ចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ចចំរុះ ផ្នែករដ្ឋបាលព្រៃ ឈើ កំពង់ឆ្នាំង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បានរថយន្ត ម៉ាកនីសាន់១បាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ង២៥៩០-ភព២ ដឹកឈើម្រះព្រៅ ទំហំ៣០សង់ទីម៉ែត្រគុណ៦០សង់ទីម៉ែត្រ ចំនួន៩ដុំ ដោយដាក់ឈើទាំងនោះនៅពីលើការ៉ុងផ្អក។
កម្លាំងគណៈកម្មការចំរុះ បានអោយដឹងថា ការស្ទាក់ចាប់រថយន្តខាងលើ ធ្វើឡើងក្រោយពីទទួលបានសេចក្តីរាយការសម្ងាត់ ថាមានរថយន្តនីសាន់ដឹកឈើចេញពី ស្រុកវាលវែង ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈមកដល់ចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក៍ប្រទះឃើញរថយន្តមានភិនភាគដូចសេចក្តីរាយការណ៍ ក៍ធ្វើការ ឃាត់ឆែកឆេរឃើញឈើម្រះព្រៅ ក៍ឃាត់ចាប់តែម្តង ភ្លាមនោះអ្នកបើកបររថយន្តក៍បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
បច្ចុប្បន្ន វត្ថុតាង រថយន្ត និង ឈើ ត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បានធ្វើការរិះគន់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានឈរជើងនៅចំណុចពិសេសៗ តាមបណ្តោយផ្លូវជាតិលេខ៥ថា ការបង្ក្រាបគឺ បង្ក្រាបតែរថយន្តណាដែលមិនបានបង់លុយអោយតែប៉ុណ្ណោះ រីឯរថយន្តស៊េរីទំនើបៗ ដឹកឈើប្រណិតដូចជា គ្រញូង នាងនួន ឆ្លងកាត់ខេត្តកំពង់ឆ្នាំងរាប់សិបរថយន្តក្នុងមួយយប់ៗ មិនដែលឃើញមានការបង្ក្រាបបានម្តងណាឡើយ ការបង្ក្រាបបានលុះត្រាតែរថយន្តទាំងនោះខូច ឬជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ទៅមុខលែងរួច ទើបនាំគ្នាមកធ្វើការបង្ក្រាបយកស្នាដៃ ៕

មតិយោបល់