ព័ត៌មានជាតិ

ទាហានកងពលលេខ៩១១ឆត្រ័យោងម្នាក់ ប្រចណ្ឌប្រពន្ធ ចាក់សាំងដុតខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់Post Newsថា ពិតជាមានករណីបុរសជាទាហានកងពលលេខ៩១១ឆត្រ័យោងម្នាក់ចាក់សាំងដុតសម្លាប់ខ្លួនពិតមែន ដោយជនរងគ្រោះបានស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ រួចបន្តបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈ ព្រោះតែប្រចណ្ឌប្រពន្ធ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ភូមិថ្លុកឈើទាល សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ នង អេង ហៅរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាទាហានកងពលលេខ៩១១ឆត្រ័យោង មានប្រពន្ធឈ្មោះ សួន រ៉ៃ អាយុ៣៥ឆ្នាំ និងមានកូនចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ។

សូមបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែភ្លើងប្រចណ្ឌ ប្តីឈ្លោះជាមួយនិងប្រពន្ធ រួចប្រពន្ធក៏ទៅដេកផ្ទះឪពុក ប្តីក៏ទៅតាម ហើយក្រោយមកប្តីបានសុំទៅផ្ទះមុន និងតេហៅប្រពន្ធឲ្យមកផ្ទះដែរ តែប្រពន្ធថាចាំព្រឹក ដោយសារមិនអស់ចិត្តប្រពន្ធក៏ត្រឡប់ទៅវិញតាមដែលប្តីហៅ តែអកុសលទៅដល់ស្រាប់តែឃើញប្តីចាក់សាំងដុតខ្លួនឯងឆេះទៅហើយ និងត្រូវបានប្រជាពលរដ្ឋជួយពន្លត់ រួចបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ហើយបន្តបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈ តែចុងក្រោយក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យសព បានឲ្យដឹងថា ពិតជាករណីធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់