កំពង់ស្ពឺៈ លោកវរសេនីយ៍ទោ សាយ ប៊ុន ថន អធិការស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានករណីឃាត់ខ្លួន
ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង បានសម្រេច។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតក្នុងភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមាន ឈ្មោះ ស៊ន សៅ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បើកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-2559។ ចំណែកជនសង្ស័យឈ្មោះ ប៊ី ចាន់រាជ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិលំពែកព្រះរាម ឃុំត្រពាំងគង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២ឈ្មោះ ហ៊ិម វាសនា ហៅមៅ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចំការរ័ត ឃុំវស្លិរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូខ្លួន ដើម្បីទៅផ្លាស់គោដែលខ្លួនបានចងទុក នៅត្រង់ចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លុជិះមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងខាងលើ រួចក៏ធាក់និងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួល រួចហើយជនសង្ស័យបានយកម៉ូតូជិះទៅទិសខាងត្បូងបាត់ស្រមោលតែម្តង។
រហូតដល់វេលាម៉ោង៦និង៤៥នាទីយប់ ទើបកម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងប្រជាការពារភូមិក្រាំងចោត ដេញបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញា ប្លន់យកម៉ូតូបានចំនួនម្នាក់ ឈ្មោះ ហ៊ិន វាសនា ហៅម៉ៅ បានភ្លាមតែម្តង។ លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងប្រជាការពារភូមិក្រាំចោតដដែល ក៏បង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាប្លន់ម៉ូតូបានចំនួនម្នាក់ទៀត ឈ្មោះ ប៊ី ចាន់រាជ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំងពីរមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចំណែកជនសង្ស័យបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់