អាមេរិកៈ កាលពីដើមខែមករា លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក បានព្រមានថា ប្រសិនបើក្រុងតេអេរ៉ង់ នៅតែបន្តផែនការអនុវត្តការបាញ់បង្ហោះផ្កាយរណប ក្នុងពេលប៉ុន្មានខែខាងមុខ នោះអ៊ីរ៉ង់នឹងប្រឈមមុន ជាមួយសម្ពាធសេដ្ឋកិច្ច និងផ្នែកការទូតបន្ថែម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
ដោយលោក Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ការប៉ុនប៉ងរបស់អ៊ីរ៉ង់ បានបរាជ័យសម្រាប់ការបាញ់បង្ហោះផ្កាយរណប ទៅក្នុងតារាវិថីជាមួយកាំជ្រួចមីស៊ីលបីដំណាក់កាល ហើយវាក៏បង្ហាញឲ្យឃើញនូវចេតនារបស់សាធារណរដ្ឋអ៊ីស្លាម ក្នុងការអភិវឌ្ឍមីស៊ីល រហូតមកដល់ពេលនេះផងដែរ។
លោក Mohammad Javad Azari Jahromi រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់បានព្យាយាមបាញ់បង្ហោះផ្កាយរណប ចូលទៅក្នុងតារាវិថី ប៉ុន្តែគ្រាប់រ៉ុក្កែតនៅដំណាក់កាលទី៣ មិនបានផ្តល់ល្បឿនគ្រប់គ្រាន់ ដើម្បីទៅដល់គន្លងតារាវិថីនោះទេ។
សូមជំរាបថា ប្រទេសអ៊ីរ៉ង់ គ្រោងនឹងបាញ់បង្ហោះផ្កាយរណបលើកទីពីរ នៅថ្ងៃខាងមុខនេះ តាមអ្វីដែលប្រទេសនេះ អះអាងថា ជាកម្មវិធីរុករកអវកាស ដោយបញ្ជាក់ថា ការបាញ់នេះ មិនបានរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់របបខ្លួនទ្បើយ៕
មតិយោបល់