ភ្នំពេញៈ អន្ទិតទើបតែសឹកពីសង្ឃម្នាក់រងរបួសធ្ងន់ជើងស្តាំ បន្ទាប់ពីជិះម៉ូតូទៅលេងបងប្រុស មិនទាន់ដល់គោលដៅផងជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តChevrolet បើកបត់ត្រឡប់ក្រោយបុកជាមួយម៉ូតូHondaសេ១២៥ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ពៅ សាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ទើបតែសឹកពីសង្ឃ មិនទាន់បានមួយសប្តាហ៍ផង មានទីលំនៅភូមិ ព្រៃគុយ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda Dreamសេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-7821។ ចំណែករថយន្តបង្ក ម៉ាក Chevrolet ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2568 បើកបរដោយស្រ្តីម្នាក់។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបើកបរពីជើងទៅត្បូង ដល់ចំណុចខាងលើ បត់ឆ្វេងត្រឡប់ក្រោយ ស្របពេលដែលជនរងគ្រោះជិះម៉ូតូពីជើងទៅត្បូងដែរ គេចមិនទាន់បុកជាមួយរថយន្តតែម្តង បណ្តាលឲ្យដួលរងរបួសជើងស្តាំ ម៉ូតូរងខូចខាត ចំណែករថយន្ត ដាច់ធ្លាក់កាងមុខ ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះមិនទាន់ដឹងថាជើងខ្លួនឈឺកម្រឹតណា នឹកថាមិនអី និយាយគ្នាសុំរួចខ្លួន តែខាងរថយន្តមិនព្រម ចង់បានសំណងដែរ អស់មួយសន្ទុះ ត្រូវបានសមត្ថកិច្ចចុះទៅដល់ អាការៈចាប់ផ្តើមឈឺ ចុកពឺតផ្សារ ដឹងខ្លួនថាមិនស្រួល ជនរងគ្រោះទាមទារ១០០ដុល្លារ មើលរបួសនិងជួសជុលម៉ូតូ ខាងរថយន្តវិញនៅតែមិនព្រម នឹកចាំពាក្យថាស្មើគ្នា លុះគ្រាន់តែក្រឡេកឃើញ រថយន្តសង្រ្គោះមកដល់ ដឹងថាមិនស្រួលទេ ជនរងគ្រោះកាន់តែឈឺហើយ ទើបខាងរថយន្តបង្ក ហុចលុយ២០ម៉ឺនរៀលទៅជនរងគ្រោះ កេះនាំគ្នាឡើងឡានបើកចេញអស់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈដែលភាគីខាងរថយន្តបើកឡានចេញទៅបាត់អស់ សល់តែម៉ូតូ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕
មតិយោបល់