ព័ត៌មានជាតិ

រថយន្ដ១គ្រឿងបើកជែងទៅបុកម៉ូតូសង់សេ១២៥ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

កណ្ដាល: មនុស្ស២នាក់ ទទួលរងរបួសធ្ងន់ ខណ:កំពុងបើកបរម៉ូតូ ត្រូវរថយន្ដមួយគ្រឿងបើកជែងមិនប្រយ័ត្ន ជ្រុលមកបុកម៉ូតូជនរងគ្រោះដែលធ្វើដំណើរស្របទិសគ្នា កាលពីវលាម៉ោង១២និង៥០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

រថយន្ដបង្កម៉ាកហាយណូ ពណ៌ស លាយបៃតងចាស់ ប្រភេទបែនដឹកដី ពាក់ស្លាកលេខ ក-៦៩៣៨ ភព៣ បើកបរដោយឈ្មោះ ហុក សុគុនន្ធា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ រិន ម៉ារីយា ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1F-2711 រួមដំណើរជាមួយឈ្មោះ រិន យ៉ាវេន ភេទប្រុស អាយុ៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។

នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កខាងលើ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លើកំណាត់ផ្លូវលេខ៣៨០ ខណ:មកដល់កន្លែងកើតហេតុ រថយន្ដខាងលើបានបន្ថែមល្បឿនល្បឿនវ៉ាជែង តែពុំប្រយ័ត្ន បានជ្រុលទៅបុកជាមួយនឹងម៉ូតូជនរងគ្រោះខាងលើដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលជំនាញចរាចរណ៍ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់