ព័ត៌មានជាតិ

ស៊យធំ! លួចម៉ូតូគេបានហើយតែជិះគេច​មិនរួច ខាតទាំងម៉ូតូជិះធ្វើសកម្មភាពមួយគ្រឿងទៀត

ភ្នំពេញៈ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះបានសម្រចតែត្រូវគេឃើញទាន់ជិះម៉ូតូដេញតាមស្រែកថាចោៗជនសង្ស័យភ័យដួលម៉ូតូទាំង២គ្រឿងគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៩ ស្ថិតនៅក្រុម៨ ភូមិទួលសង្កែ ​សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ1HJ.​0205 ម្ចាស់ឈ្មោះ មាស​ សំរិត
ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ម៉ូតូដែលជនសង្ស័យទាំង២នាក់ជិះធ្វើសកម្មភាពម៉ាកហុងដាប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL. 6386។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មិត្តភក្តិជនរងគ្រោះបានហៅទូរសព្ទទៅជនរងគ្រោះ ដើម្បីឲ្យមកឌុបរកផ្ទះជួលថ្មី ព្រោះកន្លែងផ្ទះជួលដែលខ្លួនស្នាក់នៅរាល់ថ្ងៃម្ចាស់ផ្ទះឈប់ជួលឲ្យហើយ។

ប្រភពបន្តថា​ ខណៈដែលជនរងគ្រោះមកដល់មុខបន្ទប់ជួលរបស់មិត្តភក្តិបានឈប់ម៉ូតូនិងចាក់សោ.កត្រឹមត្រូវ រួចដើរចូលទៅក្នុងសំដៅរកមិត្តភក្តិ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ហើយជិះម្នាក់មួយគ្រឿងចេញពីកន្លែងកើតហេតុតាមផ្លូវបេតុងក្បែរសាលាប៊ែលធីពីលិចទៅកើតឆ្លងផ្លូវជាតិលេខ៥ទៅចូលក្នុងតំបន់មិនរៀបរយខាងក្រោយការ៉ាស់សាំងភីធីធី។ ពេលនោះពលរដ្ឋដែលស្គាល់ម៉ូតូជនរងគ្រោះបានជិះម៉ូតូ២គ្រឿងគ្នា៣នាក់ដេញតាមតែមិនទាន់ក៏ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ពេលពលរដ្ឋអ្នកដេញទាំងនោះចេញពីប៉ុស្តិ៍មកបំណងទៅមើលកន្លែងដែលពួកវាជិះចូល ស្រាប់តែឃើញពួកវាជិះម៉ូតូឡើងផ្លូវជាតិលេខ៥ពីជើងទៅត្បូងបំណងយកទៅលក់តែត្រូវបានក្រុមប្រជាពលរដ្ឋដេញតាមរហូតដល់ស្តុបតេលាផ្លូវជាតិលេខ៥កែងផ្លូវ៦៨ ដោយផ្លូវកកស្ទះចរាចរណ៍ ហើយពលរដ្ឋស្រែកថាចោៗពួកជនសង្ស័យជិះគេចមិនរួចភ័យខ្លួនពួកគេលោតចេញពីម៉ូតូគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូជិះធ្វើសកម្មភាពមួយគ្រឿងនិងម៉ូតូជនរងគ្រោះមួយគ្រឿង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅប៉ុស្តិ៍រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនវិញ៕

មតិយោបល់