កំពង់ធំៈ ឃាត់ខ្លួនឃាតកម្នាក់ សម្លាប់ស្ត្រីម្នាក់ដែលរកស៊ីចងការប្រាក់នៅស្រុកកណ្តាលស្ទឹងបានហើយ។
ករណីឃាតកម្មនេះកើតហេតុកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥និង១០នាទី នៅចំណុចភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ដោយមានការចង្អុលដឹកនាំ របស់ឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល កិច្ចប្រតិបត្តិការ ស្រាវជ្រាវករណី ឃាតកម្ម សម្លាប់រឹតកដោយខ្សែអង្រឹង និងច្របាច់កយកទ្រព្យសម្បត្តិ លុយកាក់ និងខ្សែក ខ្សែដៃ ពីជនរងគ្រោះដែលជាអ្នកប្រកបរបរ រកស៊ីចងការប្រាក និងជាអ្នកធ្លាប់ស្គាល់គ្នា ស្និទ្ធិស្នាលជាមួយស្ត្រីរងគ្រោះ ជនសង្ស័យជាអ្នកធ្លាប់បានលេងល្បែងស៊ីសង លេងបៀរ ជាមួយគ្នា នៅក្នុងភូមិផងដែរ តាមទម្លាប់ជាប្រចាំថ្ងៃ ។
ឆ្លងតាមការពិនិត្យរបស់មន្ត្រីជំនាញ ខេត្ត ស្រុក និងប៉ុស្តិ៍រដ្ឋបាលមន្ត្រីជំនាញកោសល្យវិច័យ និងគ្រូពេទ្យជំនាញបានពិនិត្យទីកន្លែតកើតហេតុ ដែលបន្សល់ទុក សាកសព និងស្លាកស្នាម បានធ្វើការសន្និដ្ឋាន បឋមថាជាអំពើឃាតកម្ម សម្លាប់យកទ្រព្យ ដែលមានហេតុការណ៍ ដូចខាងក្រោម៖
ជនរងគ្រោះមានឈ្មោះ ឈុន ទូ ភេទស្រី អាយុ ៥៦ ឆ្នាំ មានស្រុកកំណើតរស់នៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ចងការប្រាក់នៅតាមភូមិឃុំ មានប្តីជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនទឹកផ្លែឈើម៉ារី ដែលមានទីតាំង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនសង្ស័យមានឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរនៅផ្ទះ កម្រិតវប្បធម៌ រៀនថ្នាក់ទី៩ មានប្តីធ្វើការសំណង់ មានកូនប្រុស០៣ នាក់។ បានគេចខ្លួនមកសម្ងំស្នាក់ នៅផ្ទះបងថ្លៃ នៅខេត្តតាកែវ បាន១យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ និងបន្តគេចខ្លួន ចេញមកស្នាក់នៅផ្ទះបងថ្លៃ នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាន១យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លុះព្រឹកឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ច ខេត្តកណ្ដាល និងខេត្ត កំពង់ធំរកឃើញកន្លែងលាក់ខ្លួន ។
ក្នុងនោះដែរ វត្ថុតាងចាប់យក៖
១.លុយដុល្លារអាមេរិក ចំនួន ៦៣២ ដុល្លារ ក្រដាស១០០ ចំនួន ៤ សន្លឹក ក្រដាស៥០ ចំនួន ២ សន្លឹកក្រដាស ២០ ចំនួន ៦ សន្លឹក ក្រដាស ៥ដុល្លារ ចំនួន ២ សន្លឹក និងក្រដាស ២ ដុល្លារ ចំនួន ២ សន្លឹក
២.លុយរៀល សរុបចំនួន ៤៦០.០០០រៀល
៣.លោហធាតុ ពណ៌លឿង ខ្សែក ១ខ្សែ ក្បាច់ច្រវាក់ឆាប បន្តោងយុថ្កា
៤.លោហធាតុ ពណ៌លឿង ខ្សែដៃ ១ខ្សែ
៥.ម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ ស្លាកលេខ តាកែវ ៦៤៥២ (បង់រំលោះ)
៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូចាស់ ១ សន្លឹកលេខ ០២០០៤៨៦៤៩៧.ខ្សែអង្រឹង ពណ៌ត្រេអ៊ី ប្រវែង៣,១៣០សង់ទីម៉ែត្រ យកទៅបោះចោលខាងកើតផ្ទះជនរងគ្រោះចម្ងាយប្រហែល ១៥០ម៉ែត្រ នៅក្បែរភ្លឺស្រែ ទើលើស្មៅ ។
៨.អាវយឺតដៃខ្លី ពណ៌លឿង០១ ខោជើងវែងពណ៌ខ្មៅ លាយឆ្នូតស ០១ ចាប់យកនៅក្នុងផ្ទះជនសង្ស័យចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែល
៣០០ម៉ែត្រ ស្បែកជើងផ្ទាត់១គូ ពណ៌សូកូឡា ។
សម្ភារៈ បាត់បង់រួមមាន តាមការអះអាងរបស់ប្ដី ជនរងគ្រោះ ឆ្លើយថា៖
-ប្រាក់ដុល្លារ ៣ ម៉ឺនដុល្លារ
-ប្រាក់រៀល ២ លានរៀល
– ខ្សែ កមាស ២ ខ្សែទម្ងន់២ តម្លឹង
-ចិញ្ចៀនមាស ១ វង់ ៥ជី
-ខ្សែដៃមាស១ ខ្សែ ១ជី ។
បើតាមការឆ្លើយសារភាពរបស់ស្ត្រីជាឃាតករថា ការឆ្លើយរបស់ប្ដីជនគ្រោះ ជាចម្លើយមិនពិត មិនត្រឹមត្រូវ មានចេតនាឆ្លើយបំផ្លើសពីការពិត និងចង់ទម្លាក់កំហុស ។
តាមការបំភ្លឺរបស់ប្ដីជនរងគ្រោះឈ្មោះ វង្ស សម្បត្តិ អាយុ ៥៤ឆ្នាំនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹកគាត់បានទៅធ្វើការ ដោយជនរងគ្រោះជាប្រពន្ធនៅផ្ទះតែម្នាក់ឯង បន្ទាប់មកនៅវេលាម៉ោង៥និង១៥នាទីល្ងាច ប្ដីជនរងគ្រោះ បានត្រឡប់មកដល់ផ្ទះ ពេលនោះក៏ឃើញទ្វារខាងមុខ បើកចំហរ បានឈប់ម៉ូតូ រួចក៏អូសម៉ូតូចូលទៅក្នុងផ្ទះហើយដើរទៅផ្ទះបាយខាងក្រោយ បន្ទាប់មកបានដើរទៅកាត់សក់ តែមិនបានកាត់សក់ព្រោះជាងជាប់រវល់ រួចប្ដីជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញ ហើយបានបើកទ្វារបន្ទប់មើលឃើញជនរងគ្រោះដេកដួលទៅនឹងការ៉ូរួចបានបីត្រកងជនគ្រោះមកក្រៅទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយរួចរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមាន អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យកោសល្យវិច័យខេត្ត ជំនាញស្រុក ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា៖
តាមការសន្និដ្ឋានបឋម របស់គ្រូពេទ្យកោសល្យវិច័យនិងផ្នែកជំនាញខេត្តបានឲ្យដឹងថាជនរងគ្រោះស្លាប់ដោយ អំពើឃាតកម្ម ហើយករណីនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល និង នគរបាលស្រុកកណ្ដាលស្ទឹងបានបើកការស៊ើបអង្កេតរហូតឈានដល់ កំណត់បានមុខសញ្ញាសង្ស័យ ឈ្មោះ សុខ ចាន់ថា នឹងបន្តស្វែងរកចាប់ខ្លួន ដោយសហការ ជាមួយ កម្លាំងជំនាញ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ រហូតឈានដល់ឃាត់ខ្លួន មុខសញ្ញា ជា ឃាតកបាននៅវេលាម៉ោង ១១ នៅចំណុចផ្ទះបងថ្លៃជនសង្ស័យភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះដោយយកខ្សែអង្រឹងប្រវែងប្រហែលកន្លះម៉ែត្រដែលបានត្រៀមទុកក្នុងហោប៉ៅខោពីផ្ទះមករួចជាស្រេច ដើម្បីទុក ទាក់រឹតកជនរងគ្រោះពីក្រោយ ។
មុនពេលធ្វើសកម្មភាព ជនសង្ស័យបានមកលេងផ្ទះជនរងគ្រោះនៅវេលាម៉ោងប្រហែល ១១ជាង។ ក្រោយមកជនរងគ្រោះបាននាំចូលមើលកំរាលពូកទើបទិញថ្មីនៅក្នុងបន្ទប់ជនសង្ស័យក៏រឹតកជនរងគ្រោះរហូតដល់ស្លាប់រួចដោះយកខ្សែកមាស ខ្សែដៃមាស ពីជនរងគ្រោះ នឹងបើកយកលុយពីក្នុងកាបូខ្មៅដាក់ក្នុងទូរជ័រ បានប្រាក់ដុល្លារ ៦៣២ដុល្លារ (ប្រាំមួយរយសាមសិបពីរដុល្លារ) និងលុយខ្មែរ ៤៦០.០០០រៀល (សែសិបប្រាំមួយម៉ឺនរៀល) រួចរត់គេចខ្លួនចេញតាមទ្វារក្រោយ ផ្លោះរបងលួសខាងត្បូងផ្ទះជនរងគ្រោះសំដៅទៅផ្ទះយាយនី ភូមិគរដី ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អង្គុយលេងបៀរ រហូតម៉ោងប្រហែលជាង ៦ល្ងាចទើបត្រឡប់មកផ្ទះវិញដោយមិនបានប្រាប់ប្ដី ពីសកម្មភាព បានសម្លាប់ជនរងគ្រោះនេះទេ លុះដល់ជិតភ្លឺទើបជិះម៉ូតូទៅតាកែវភូមិម្រះព្រៅផ្ទះបងថ្លៃ ឈ្មោះ ញ៉ ទើបវេលាម៉ោងប្រហែល ៥ល្ងាចប្តីបានដឹកកូន ០៣នាក់ទៅតាមក្រោយដេកមួយយប់។ លុះដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៥និង៣០នាទីព្រឹក បាននាំប្ដី និងកូន ប្រុស០៣នាក់ ទៀតជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ធ្វើដំណើរមកបេនឡាននៅភ្នំពេញ ជិះឡានឈ្នួល ដឹកម៉ូតូមកផ្ទះបងថ្លៃនៅខេត្តកំពង់ធំ មកដល់ នៅវេលាម៉ោងប្រហែលជាង ៣រសៀល រួចសម្រាកមួយយប់ថ្ងៃទី១៦ ខែមករា ២០១៩ ទើបព្រឹកឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។
ចំណែកមូលហេតុ សម្លាប់ជនរងគ្រោះ ដើម្បីចង់បានទ្រព្យសម្បត្តិ ដោយសារខ្លួនជំពាក់ប្រាក់ធនាគារ និង អ្នកនៅក្នុងភូមិសរុបជាង ៤.០០០ដុល្លារ (បួនពាន់ដុល្លារ) ។
ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់