ភ្នំពេញៈ រថយន្តចំនួន៣គ្រឿងបើកបុកបន្តកន្ទុយគ្នា រងខូចខាតធ្ងន់ចំនួន២គ្រឿង គ្មានអ្នករងរបួស បែជារថយន្តខាងក្រោយ ឡាំប៉ាទាមទារឲ្យរថយន្ត២គ្រឿងខាងមុខ ចេញសងរាល់ការខូចខាតរបស់ខ្លួនទៅវិញ ធ្វើឲ្យពលរដ្ឋមហាជនឃើញហេតុការណ៍អស់សំណើច ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ (ទំនប់កប់ស្រូវ) ត្រង់ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តទាំង៣គ្រឿងក្នុងហេតុការណ៍បុកបន្តគ្នាខាងលើ រថយន្តទី១ បើកខាងមុខគេ ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-0583 ជារថយន្តរបស់ក្រុមហ៊ុនដឹកភេសជ្ជៈ ខារ៉ាបាវ បើកពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បន្ថយល្បឿន ដោយសារមានរថយន្តឆ្លងកាត់ ស្រាប់តែរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ បែនកង់១០ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7638 ជ្រុលបើកទៅបុកពីក្រោយ រងខូចខាត ខ្ទេចរួញកាប៊ីន ស្របពេលនោះស្រាប់តែ រថយន្តមួយគ្រឿងទៀត ម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AI-0495 បើកបោះពួយល្បឿនលឿន ស្របទិសគ្នា ជ្រុលមកបុកគូទរថយន្ត បែន បន្ថែមទៀត បណ្តាលឲ្យរថយន្តឡិចស៊ីស រួញមុខ ធ្លាយធុងទឹក ។
ក្រោយកើតហេតុ ភាគីរថយន្តបែន ដឹងកំហុសខ្លួនឯង បាននិយាយអង្វរជាមួយរថយន្ត ឃ្លប់ ដឹកភេសជ្ជៈខារ៉ាបាវ សុំរួចខ្លួន កុំឲ្យសង ព្រមព្រៀងគ្នាហើយ បែរជាភាគីខាងរថយន្តឡិចស៊ីស ចេញមកឡាំប៉ា មិនឲ្យរថយន្ត២គ្រឿងខាងមុខទៅឡើយ ទាមទារឲ្យសងឡានខ្លួនទៅវិញ ក្នុងហេតុផលមកពីរថយន្ត២គ្រឿងខាងមុខបុកគ្នា ទើបឡានខ្លួនបុកខូចខ្ទេចដែរ ទាល់តែសង៥០០ដុល្លារ ទើបឲ្យរួចខ្លួន ។
ការទាមទាររកសំណងរបស់ភាគី អ្នកបើកបុកគេពីក្រោយ ធ្វើឲ្យមហាជន ពលរដ្ឋឃើញហេតុការណ៍ ផ្ទុះអស់សំណើច ចេះនិយាយទៅរួច។
ដោយសារមិនចង់ឲ្យខាតពេលវេលា ក្នុងរបររកស៊ីផ្ទាល់ខ្លួន និងក្រុមហ៊ុន ភាគីខាងរថយន្តបែន សុខចិត្តជួយចេញ១០០ដុល្លារ បើថាម្ចាស់រថយន្តឡិចស៊ីសខ្វះលុយយកឡានចូលជាង រហូតដល់សមត្ថកិច្ចចុះទៅសម្របសម្រួលលើកហេតុផល ទីបំផុតភាគីខាងរថយន្តឡិចស៊ីស លើកដៃទទួលយកលុយ១០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់