បន្ទាយមានជ័យៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១រសៀល នៅចំណុចផ្លូវរថភ្លើង ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងបណ្តឹងរបស់ឈ្មោះ ជុំ ស៊ីណាត ភេទស្រី អាយុ២៤ឆ្នាំ ត្រូវជាត្រូវជាប្រពន្ធរបស់ជនសង្ស័យ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឡាយ លាភ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ៖ ខ្លួនជាបុគ្គលិកធ្វើការនៅហាងលក់ទំនិញមួយកន្លែង ដោយខ្លួនរវល់ពេក ទូរសព្ទអស់ថ្ម ក៏ដោតសាកថ្មទូរសព្ទចោលនៅហាង ហើយមិនបានដឹងថាប្តីរបស់ខ្លួន ហៅទូរសព្ទមកទេ លុះចប់ការងារទៅដល់ផ្ទះវិញក៏រករឿងខ្លួន និងយកដុំថ្មគប់មកលើខ្លួន និងម្តាយរបស់ខ្លួនថែមទៀតផង ហើយបម្រុងវាយដុំមកលើកូនទាំង២នាក់ទៀតផង តែខ្លួនបានដឹកដៃកូន និងនាំម្តាយរត់ចេញពីផ្ទះទាន់។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរសព្ទហៅប្រពន្ធឲ្យមកផ្ទះ តែប្រពន្ធមិនលើកទូរសព្ទសោះ ហើយលុះដល់ម៉ោង ១០យប់ ទើបមកផ្ទះវិញ ធ្វើឲ្យខ្លួនខឹងជាខ្លាំង ទើបប្រើហិង្សាទៅលើប្រពន្ធដោយយកដុំថ្មគប់ទៅលើប្រពន្ធ ត្រូវចំខ្នងបណ្តាលឲ្យរងរបួស សូមបញ្ជាក់ថា ៖ ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទ ហិង្សារប្រព្រឹត្តដោយសហព័ទ្ធ ក្រោយចេញពីពន្ធនាគារវិញក៏នៅតែមិនរៀងចាលដដែល។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។
មតិយោបល់