កំពង់ឆ្នាំងៈ ជនសង្ស័យចាប់បង្ខាំងក្មេង ជំរិតទារប្រាក់តាមទូរស័ព្ទ ត្រូវបានកម្លាំងនគបាល ក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងនគបាលខណ្ឌឬស្សីកែវ និងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនបានហើយ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៥ និង៣០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់មួយកន្លែង ដែលមានយីហោឈ្មោះ (តារាវង្ស) ឋិតនៅក្នុងភូមស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបមុខសញ្ញាខាងលើ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញា (ចាប់បង្ខាំងក្មេងជំរិតទារប្រាក់តាទូរស័ព្ទ) ចំនួន២០០០$ តែបានម្រេចតែ ៥០០$ ប៉ុណ្ណោះ នៅចំណុច ចំណតរថយន្តក្រុងមួយកន្លែង ឋិតនៅក្នុងភូមិសាមគ្គី សង្កាត់/ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រោយពីទទួលបានឯកសារព័ត៍មាន និងរូបថត ជនសង្ស័យខាងលើភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវ តាមផ្ទះសំណាក់ ក៏បានប្រទះឃើញជនសង្ស័យ ទើបចូលមកស្នាក់នៅក្នុងផ្ទះសំណាក់យ៉ីហោ (តារាវង្ស)ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក៏ចាប់បានតែម្តង។
ជនសង្ស័យមានឈ្មោះ ស្រេង បុរី ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុកកំណើតភូមិកូនក្អែក១ ឃុំរបោះមង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង តែរស់នៅមិនពិតប្រាកដ ។
ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨វេលាម៉ោង១២ និង៤៥នាទី ជនសង្ស័យ បានធ្វើសកម្មភាព ចាប់ជនរងគ្រោះឈ្មោះ ឈុន សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៤ឆ្នាំ មានទំលំនៅភូមិ/សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះ ចេញពីសាលារៀន ឈប់ចាំជិះរថយន្តក្រុង នៅចំណតក្នុងខណ្ឌឫស្សីកែវ ហើយក៏នាំយកទៅបង្ខាំងទុក ជំរិតទារប្រាក់ពីឪពុកម្ដាយក្មេងរងគ្រោះ តាមទូរស័ព្ទចំនួន២០០០$ តែបានសម្រេចតែ ៥០០$ ក៏ព្រមដោះលែងក្មេងរងគ្រោះ ឲ្យត្រឡប់ទៅវិញ រួចជនសង្ស័យ បានរត់គេចខ្លួនមកសំងំលាក់ខ្លួន នៅផ្ទះសំណាក់ខាងលើ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង ប្រគល់ជូន ការិយាល័យព្រហ្មទណ្ឌនៃ
ស្នងការដ្ឋានរាជធានីភ្នំពេញ ចាត់ការបន្តទៅតាមនិតិធី៕
មតិយោបល់