ព័ត៌មានជាតិ

រថយន្ត FORD ស្លាកលេខភ្នំពេញ 2AT-1444 ត្រូវម៉ូតូពន្លះពីចំហៀង បណ្ដាលឲ្យរបួសបុរស ២នាក់

ព្រះសីហនុៈ កាលពីវេលាម៉ោង ១ និង១០នាទី​ទៀបភ្លឺឈានចូលថ្ងៃទី​២០ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ​រវាង​ម៉ូតូ​និង​រថយន្ត ​បើកក្នុង​ទិស​ផ្ទុយ​គ្នា ​បណ្ដាលឲ្យរងរបួសបុរស ២នាក់
នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៥-១៧៦ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​​។

​​​ម៉ូតូ​​​ម៉ាក BEAT ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1EQ-8072​ បើកបរដោយឈ្មោះ បាន ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ គង់ សុផាត ភេទ ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។

លុះដល់ចំណុចខាងលើ បានបុកចំហៀងរថយន្ត ០១គ្រឿងម៉ាក FORD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-1444 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា ក្រោយកើតហេតុម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់។

ករណីនេះ​ ​បាន​បណ្ដាលឲ្យរងរបួសមនុស្ស​០២នាក់ ក្នុង​នោះ​ឈ្មោះ បាន អ្នកបើកបរម៉ូតូ របួសធ្ងន់ បាក់ជើងស្តាំ និងឈ្មោះ គង់ សុផាត អ្នករួមដំណើរលើម៉ូតូ រងរបួសមធ្យម បាក់ជើងស្តាំ​ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិកលិគឹមឌីវាលរេញដូចគ្នា។

ចំពោះ​វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវ​បាន​កម្លាំង​​យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​រងចាំដោះស្រាយ តាមនីតិវិធី៕

មតិយោបល់