ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២និង៣៥នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពី បទហិង្សាដោយចេតនា (ទំនាស់ពាក្យសម្ដីគ្នាយកកូនកន្ត្រៃច្រឹបអំបោះចុងស្រួច ចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសរលាត់ឆូតស្បែកក្រោមចង្ការខាងឆ្វេង, ឆូតលើថ្គាមខាងឆ្វេង និងស្នាមឆូតលើថ្ពាល់ខាងឆ្វេង របួសស្រាល) ប្រព្រឹត្តនៅចំណុចក្នុងបន្ទប់ផ្លាស់ខោអាវនារីក្នុងខារ៉ាអូខេ ឌីយ៉ាម៉ងផាលេស (ជាន់ទី១) ដែលមានទីតាំងផ្ទះលេខ៨០H ផ្លូវលេខ២៧១ ក្រុម៣១ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឌន ឡី ហៅ ឡៃ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ ឌីយ៉ាម៉ងផាលេស ស្នាក់នៅផ្ទះជួល (បន្ទប់លេខ៨B) ផ្លូវលំ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ៖ កូនកន្ត្រៃសំរាប់ច្រឹបអំបោះពណ៌លឿងស្លេកចំនួន០១ (ជារបស់ជនសង្ស័យធ្វើសកម្មភាព) ។
ជនរងគ្រោះឈ្មោះ កែវ ស្រីទូច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ ឌីយ៉ាម៉ងផាលេស ស្នាក់នៅផ្ទះជួលលេខ៧B ផ្លូវលេខ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះរងរបួស ៖ រលាត់ឆូតស្បែកក្រោមចង្ការខាងឆ្វេង, ឆូតលើថ្គាមខាងឆ្វេង និងស្នាមឆូតលើថ្ពាល់ខាងឆ្វេង របួសស្រាល ។
តាមដំណើររឿងហេតុ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ២និង៣៥នាទីរំលងអធ្រាត្រ ជនសង្ស័យឈ្មោះ ឌន ឡី ហៅ ឡៃ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ក្រោយពីចប់ម៉ោងធ្វើការក៏បានមានទំនាស់ពាក្យសម្ដីគ្នាជាមួយឈ្មោះ ស្រីល័ក្ខ ភេទស្រី អាយុប្រហែល២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ ជាមួយគ្នា រឿងបិទភ្លើងនៅក្នុងបន្ទប់ខារ៉ាអូខេ ដោយជេរដៀមដាមដាក់គ្នាទៅវិញទៅមក រួចហើយឈ្មោះ ស្រីល័ក្ខ ក៏ស្ទុះពីកៅអីមកទះលើឈ្មោះ ឌន ឡី មួយចំនួន៣ដៃ ពេលនោះឈ្មោះ ស្រីល័ក្ខ ក៏ចុះមកបន្ទប់ផ្លាស់ខោអាវនារីរួចចេញទៅផ្ទះបាត់ទៅ ចំណែកជនសង្ស័យឈ្មោះ ឌន ឡី ហៅ ឡៃ បានរត់ចុះមកខាងក្រោម រួចជេរបណ្ដើរដើរបណ្ដើរ នៅក្នុងបន្ទប់ផ្លាស់ខោអាវនារី ពេលនោះជនរងគ្រោះឈ្មោះ កែវ ស្រីទូច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ ជាមួយគ្នា កំពុងផ្លាស់ខោអាវនៅក្នុងបន្ទប់ជាមួយជនសង្ស័យឈ្មោះ ឌី ឡី ហៅ ឡៃ គិតថាឈ្មោះ ឌី ឡី ហៅ ឡៃ ជេររូបខ្លួនក៏កើតមានទំនាស់ពាក្យសម្ដីជេរគ្នាទៅវិញទៅមក និងបោចសក់គ្នាទៅវិញទៅមក ភ្លាមនោះជនសង្ស័យឈ្មោះ ឌី ឡី ហៅ ឡៃ បានយកកូនកន្ត្រៃសម្រាប់ច្រឹបអំបោះចុងស្រួចដែលដាក់ក្នុងកាបូបរបស់ខ្លួន យកទៅចាក់លើជនរងគ្រោះឈ្មោះ កែវ ស្រីទូច បណ្ដាលឲ្យរបួសរលាត់ឆូតស្បែកក្រោមចង្ការខាងឆ្វេង, ឆូតលើថ្គាមខាងឆ្វេង និងស្នាមឆូតលើថ្ពាល់ខាងឆ្វេង (របួសស្រាល) ភ្លាមនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌី ឡី ហៅ ឡៃ យកមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់