ព័ត៌មានជាតិ

អ្នកទោសម្នាក់ទៀត ក្នុងចំណោមអ្នកទោស៧នាក់ ដែលបានរត់ចេញពីគុក ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញ

ស្ទឹងត្រែង​៖ ក្នុងសកម្មភាពចុះប្រតិបត្តិការទាំងយប់ទាំងថ្ងៃ របស់កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងការស្វែងរកចាប់ខ្លួនអ្នកទោស ដែលបានលួចគាស់ជញ្ជាំងគុក និងទម្លុះរបងរត់គេចខ្លួនកាលវេលាម៉ោង៣និង២០នាទីទបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ ត្រូវបានក្របួចជាប់ជនជាតិឡាវម្នាក់ទៀតហើយ ។

លោកវរសេនិយទោ ជិប ហួរ នាយរងសេនាធិការ ប្រតិបត្តិការសិករងខេត្តស្ទឹងត្រែងបានប្រាប់ឲ្យ ដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃ១២វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកទោសបានម្នាក់បន្ថែមទៀត ដែលមានឈ្មោះ ចាក់លី ចឺតាលី ជាជនជាតិឡាវ ដែលតុលាការបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែន។

លោកបន្តថា ករណីដែលឈានដល់ការចាប់ខ្លួនអ្នកទោសម្ចាក់ជាជនជាតិឡាវខាងលើបាននាពេលនេះ គឺមានការចូលរួមសហការពីប្រជាពលរដ្ឋ បានឃើញ និងឃាត់ខ្លួនហើយប្រគល់ជូនឲ្យសមត្ថកិច្ច ដែលអ្នកទោសរូបនេះ បានដើរក្នុងចំណុចកោះស្ងួយ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែងស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

អ្នកទោសជាប់ពន្ធនាគារមួយជីវិតរូបនេះបានសារភាពចំពោះមុខសមត្ចកិច្ចថា ខ្លួនជាអ្នករៀបចំគម្រោងការក្នុងសកម្មភាពគាស់ជញ្ជាំងគុករត់ចេញ ដោយមានការផ្ដល់សម្ភារៈ ពីមនុស្សស្រីម្នាក់ដែលចេញចូលធ្វើការងារក្នុងពន្ធធាគារនោះ ជាអ្នករៀបចំពីខាងក្រៅ។

អ្នកទោសឈ្មោះ ចាក់លី ចឺតាលី បានឆ្លើយសារភាពបន្ដថា គម្រោងការគាស់គុកដើម្បីរត់ចេញនេះ មានរយៈពេល១ឆ្នាំហើយ ហើយសម្ភារៈសម្រាប់ធ្វើសកម្មភាពគាស់នេះ គឺត្រៀមរយៈពេលប្រមាណជា ៣ទៅ៤ខែមុននេះប៉ុណ្ណោះ ។

ករណីអ្នកទោស៧នាក់ ដែលធ្វើសកម្មភាពគាស់ជញ្ជាំងបន្ទប់ឃុំឃាំង និងទម្លុះរបងគុករត់ចេញនាពេលកន្លងមក រហូតមកដល់ថ្ងៃទី១២វិច្ឆិកា២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងនគបាលក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនបានចំនួន ៤នាក់ហើយ ក្នុងនោះមានជនជាតិឡាវ ២នាក់ និងខ្មែរ២នាក់។

បច្ចុប្បន្នសមត្ថកិច្ចកំពង់បន្តស្វែងរកអ្នកទោសចំនួន ៣នាក់បន្ថែមទៀត ដែលកំពង់រត់គេច ហើយសមត្ថកិច្ចក៏បានកំណត់មុខសញ្ញា និងគោលដៅការលាក់ខ្លួនអ្នកទោសទាំង ៣នាក់នោះហើយ៕

 

មតិយោបល់