ភ្នំពេញៈ អគ្គិភ័យឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋ២ខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍ កាលម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិព្រែកទាល់ ក្រុម៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរលក់ខោអាវជជុស ស្នាក់នៅទីតាំងកើតហេតុខាងលើ ផ្ទះរងគ្រោះមានទំហំ ១០ គុណ២០ម៉ែត្រ បានឆេះអស់ទាំងស្រុង។
យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់បានចូលសម្រាកក្នុងបន្ទប់ដូចសព្វដង ស្រាប់តែយប់ថ្ងៃកើតហេតុ ក៏មានអគ្គិភ័យបានឆាបឆេះ និងរាលដាលយ៉ាងសន្ធោសន្ធៅក្នុងផ្ទះគាត់ទៅហើយ ទើបរូបគាក់រាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើ គឺមានការចូលរួមពីកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យជាច្រើននាក់ រួមសហការជាមួយមន្ត្រីនគរបាល និងអាវុធហត្ថ ព្រមទាំងកម្លាំងប្រជាការពារសង្កាត់-ខណ្ឌជាច្រើននាក់ផងដែរ ដោយប្រើពេលវេលាជាង១ម៉ោង និងប្រើទឹកអស់ចំនួន២៣ឡាន ទើបគ្រប់គ្រងស្ថានការបាន។
ចំពោះករណីអគ្គិភ័យខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយទំហំនៃការខូចខាតនោះគឺ ឆេះផ្ទះចំនួន២ខ្នងទាំងស្រុង ហើយមូលហេតុគឺ ជាបឋម សមត្ថកិច្ចសន្ឋិដ្ឋានថា ទុស្សេខ្សែភ្លើង ៕
មតិយោបល់