ភ្នំពេញៈ បុរសម្នាក់បើករថយន្តមួយគ្រឿង បត់ឆ្វេងដៃឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកចំទ្វាររថយន្តខាងមុខខាងស្តាំ បែកកញ្ចក់នឹងបោកក្បាលផ្ទប់ជាមួយរថយន្តបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ចំណុចរបងមន្ទីពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែងនិងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនម្នាក់បើករថយន្តម៉ាកសឺដេស C200 មួ យគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2P-1143 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងមកផ្លូវ២៥៧ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-4678 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅ គ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំទ្វារថយន្តខាងមុខចំហៀងខាងស្តាំ នឹងបោកផ្ទប់និងកញ្ចក់ទ្វាររថយន្តបណ្តាលបែកនិងបណ្តាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូខូខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយ។
មតិយោបល់