ព័ត៌មានជាតិ

រថយន្តដឹកស្រូវ បើកលឿនមិនប្រយ័ត្ន ដល់ផ្លូវកោងពន្លះជាមួយរថយន្ត១គ្រឿងទៀតពេញទំហឹង ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុករថយន្ត ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង១១និង២៣នាទី​យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិត្រើយម្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ហេតុការណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌បៃតង ស្លាកលេខ កំពង់ធំ3A-2301 (ដឹកស្រូវ) បើកបរដោយឈ្មោះ ស្នា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(គេចខ្លួន) និងអ្នករួមដំណើរឈ្មោះ ប៊ិន វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជាម្ចាស់រថយន្ត)បានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ទឹកប្រាក់ ទ្រុងពណ៌ខ្មៅ គ្មានស្លាកលេខ (ដឹកមើមដំឡូងមី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

ចំណែកមូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្តដឹកស្រូវស្លាកលេខកំពង់ធំ3A-2301 ឈ្មោះ ស្នា បើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ននៅចំណុចផ្លូវកោង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់